ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចតេជោនឹងបង្កើតតំណាងសភាពាណិជ្ជកម្ម នៅក្រៅប្រទេសកាន់តែច្រើនថែមទៀត។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃម្សិលម៉ិញនេះថា បន្ទាប់ពីបើកការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា នៅតំបន់សេនដាយ ក្នុងប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបើកដំណើរការការិយាល័័យ តំណាងសភាពាណិជ្ជកម្មនៅតាមតំបន់ និងប្រទេសសំខាន់ៗជាច្រើនទៀតនាពេលអនាគត។
លោកឧកញ៉ាបានបន្តថា ការបើកការិយាល័យ តំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស មានសារៈសំខាន់ណាស់ ដើម្បីជួយរដ្ឋាភិបាលក្នុងការពង្រីកទំហំពាណិជ្ជកកម្ម និងទាក់ទាញការវិនិយោគ ពីបរទេសកាន់តែច្រើនមកកាន់កម្ពុជា ខណៈពេលបរិយាកាសអាជីវកម្ម វិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើងជារៀងរាល់ឆ្នាំ។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា តាមរយៈការធ្វើកំណែទម្រង់ ជាបន្តបន្ទាប់របស់រដ្ឋាភិបាល យើងឃើញអ្វីៗមានភាពជឿនលឿន និងសញ្ញាវិជ្ជមានច្រើនសម្រាប់ទាក់ទាញការវិនិយោគពីបរទេស។
លោកបន្តថា “យ៉ាងណាអ្វីៗត្រូវដើរមួយៗ តាមជំហ៊ានរបស់វា យើងត្រូវការពេលវេលាបន្ថែមទៀត”៕