ដំណឹងរីករាយៈស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រនិងកោះនរាបង្ហាញរូបរាងហើយ

        ដោយគង់ ម៉ាលីន

        ភ្នំពេញៈ គំរោងស្ពានដ៏ស្រស់ស្អាតតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាថ្មីបានបង្ហាញរូបរាងហើយ ខណៈការស្ថាបនាស្ពាននេះ នឹងចាប់ផ្តើមនៅខែតុលាខាងមុខនេះ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនOCIC។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានមានប្រសាសន៍ប្រាប់តាមប្រព័ន្ឋតេឡេក្រាមនាព្រឹកថ្ងៃទី៣១ សីហានេះបានឲ្យដឹងថា ការស្ថាបនាស្ពាននេះនឹងធ្វើឡើងតាមការគ្រោងទុក ដោយគ្រោងនឹងចំណាយរយៈពេល៣០ខែ ដើម្បីបញ្ចប់គិតចាប់តាំងពីពេលបើកសម្ភោធការដ្ឋានសាងសង់។ លោកបន្តថា  គម្រោងសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបថ្មីកោះនរា បានរៀបចំគម្រោងរួចរាល់ហើយ នៅឡើយការសិក្សាលម្អិតពីរដ្ឋបាលរាជធានីភ្នំពេញរួចរាល់ហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា “គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ”។ លោកបន្តថា “ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាបមានប្រវែងប្រមាណ៥០០ម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ ដែលគ្រោងចំណាយពេលសាងសង់៣២ខែ ដោយប្រើថវិកាប្រមាណជាង៥០លានដុល្លារ ហើយស្ថាបត្យកម្មស្ពាននេះធ្វើឡើងតាមរចនាបថបែបខ្មែរ ”។

លោកបន្តថា តាមគម្រោងនិងផែនការដែលបានគ្រោងទុក ការសម្ពោធបើកការ​ដ្ឋា​នសាងសង់ អាចនឹងប្រព្រឹត្តទៅនៅត្រឹមចុងឆ្នាំ២០២០ខាងមុខ។ ស្ពាននេះក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំង២នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុ​ញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សច្បារអំពៅ។

ជាមួយនឹងការបង្ហើបប្រាប់ពីគម្រោង នៃការសាងសង់ស្ពានឆ្លងកាត់ទន្លេថ្មីមួយនេះ លោក ទូច សំណាង ក៏បានបញ្ជាក់ផងដែរថា សម្រាប់ការចរាចរណ៍ឆ្លងកាត់ស្ពានមួយនេះនឹងត្រូវបានកំណត់ប្រភេទរថយន្ត ដោយអាចនឹងមិនអនុញ្ញាតប្រភេទរថយន្តធុនធំ ឬដឹកទំនិញធ្ងន់ឆ្លងកាត់នោះឡើយ ប៉ុន្តែករណីនេះកំពុងសិក្សា។

លោកបន្តថា តាមផែនការពីដំបូង ក្រុមហ៊ុនមានជម្រើសពីរក្នុងការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា ដោយជំរើសទី១សាងសង់ស្ពានក្រោមទន្លេ និងជម្រើសទី២សាងសង់ស្ពានលើទឹក ប៉ុន្តែការសម្រេចចុងក្រោយគឺជ្រើសរើសស្ពាន​នៅលើទឹកជំនួសវិញ ដែលស្ពាននេះមិនត្រឹមតែសម្រួលចរាចរណ៍នោះទេ តែក៏ជាផ្នែកមួយលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here