កម្ពុជានឹងដាក់ដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីមួយនៅដើមឆ្នាំក្រោយ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រកាសការបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យា ដែលនឹងចាប់ផ្តើមប្រតិបត្តិការនៅខែមករាឆ្នាំ ២០២១។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យចេញផ្សារនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

ដោយយកគំរូតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ជោគជ័យរបស់ប្រទេសអ៊ីស្រាអែល មជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលហៅកាត់ថា “ATC” នឹងចូលរួមលើកកម្ពស់ និងជំរុញសហគ្រិនដែលចាប់ផ្តើមធុរកិច្ចថ្មីថ្មោងក្នុងវិស័យបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត។ ATC នឹងជួយសហគ្រិនវ័យក្មេងច្នៃគំនិតចេញទៅជាផលិតផលពាណិជ្ជកម្ម និងបង្កើនជំនួញប្រកបដោយផលិតភាពនៅក្នុងប្រទេសកម្ពុជា និងឆាកអន្តរជាតិ។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា “ATC មានទស្សនៈវិស័យដើរតួរជាអ្នកត្រួសត្រាយផ្លូវដល់ធុរកិច្ចដែលទើបចាប់ផ្តើមថ្មី (start-ups) ក្នុងការបង្កើតភាពជាដៃគូសហប្រតិបត្តិការ និងយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនសាជីវកម្ម និងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការងារអាទិភាពរបស់ ATC គឺការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាឌីជីថល និងគំនិតផ្តួចផ្តើមដែលរួមចំណែកដល់ការផ្លាស់ប្តូរឌីជីថលប្រកបដោយបរិយាប័ន្ននៅក្នុងប្រទេសកម្ពុជា និងរៀបចំកម្លាំងពលកម្មរបស់ប្រទេសសម្រាប់សេដ្ឋកិច្ចឌីជីថល។

ATC គឺជាផ្នែកមួយនៃមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍវិជ្ជាជីវៈ (CLPD) ដែលមានទីតាំងក្នុងបរិវេណសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

ដោយផ្តល់តម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ATC ទើបតែបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Huawei (កម្ពុជា) កាលពីថ្ងៃទី១២ សីហា ២០២០ កន្លងទៅនេះ។

ATC កំពុងសិក្សាពីភាពជាដៃគូជាមួយស្ថាប័នជាតិ និងអន្តរជាតិដទៃទៀតមកពីបណ្តាប្រទេសអាស៊ាន សហរដ្ឋអាមេរិក ចិន និងអ៊ីស្រាអែលដែលនឹងត្រូវចុះហត្ថលេខានាពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here