គន្លឹះ​ ៥យ៉ាង​ដើម្បីបើក​ប្រតិបត្តិការអាជីវកម្មដំបូងបាន​ជោគជ័យ​

ដោយ៖​ សុធារី

ភ្នំពេញ៖ សូម្បីតែគំនិតជំនួញដ៏អស្ចារ្យបំផុត ក៏អាចនឹងបរាជ័យដែរ បើស្ថាបនិក ឬអ្នកគ្រប់គ្រង មិនបានបង្កើតផែនការអាជីវកម្ម បញ្ជីថវិកា ការតាមដានវឌ្ឍនភាព និងវាយតម្លៃជាទៀងទាត់។ នៅពេលអ្នកចំណាយពេលវេលា ដើម្បីរៀបចំផែនការ និងតារាងពេលវេលាច្បាស់លាស់ជាមុន នោះអាជីវកម្មរបស់អ្នកនឹងស្ថិតក្នុងស្ថានភាពមួយដែលមានការរីកចម្រើនព្រមទាំងឈានទៅរកការពង្រីកងម៉ាកយីហោរបស់ខ្លួន។

តើប្រតិបត្តិការអាជីវកម្មដំបូងត្រូវដឹងអ្វីខ្លះ?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅខាងក្រោមនេះ ជាការណែនាំចំពោះសហគ្រិនថ្មីថ្មោង ស្ដីអំពីប្រតិបត្តិការអាជីវកម្មដំបូង រួមមាន៖

១. រចនាសម្ព័ន្ធច្បាប់អាជីវកម្ម
សហគ្រាសឯកបុគ្គល​ (Sole Proprietorship) ៖ ជាម្ចាស់តែម្នាក់ឯង ដូច្នេះរាល់គណនី កិច្ចសន្យា ទ្រព្យសម្បត្តិ និងអាជ្ញាប័ណ្ណទាំងអស់ត្រូវដាក់ឈ្មោះខ្លួនឯង ហើយដើមទុន បំណុល និងរាល់ការគ្រប់គ្រង ត្រួតពិនិត្យផ្សេងៗនៅក្នុងក្រុមហ៊ុន ជាកាព្វកិច្ចរបស់ខ្លួន។ ចំពោះការធ្វើអាជីវកម្មប្រភេទនេះ គ្មានការជាប់ពន្ធនោះទេ ប៉ុន្តែម្ចាស់ត្រូវទទួលខុសត្រូវលើប្រាក់ចំណេញ និងការខាតបង់ខ្លួនឯង។

ក្រុមហ៊ុនសហកម្មសិទ្ធ (Partnership General or Limited)៖
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ៖ គឺជាកិច្ចសន្យារវាងបុគ្គលពីរនាក់ឬច្រើននាក់ ដែលដាក់រួមគ្នានូវ ទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពបុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកម្មរួមគ្នាក្នុងគោលបំណងរកប្រាក់ចំណេញ។
ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត៖ គឺជាកិច្ចសន្យាដែលធ្វើឡើងរវាងសហកម្មសិទ្ធិករទូទៅម្នាក់ ឬច្រើននាក់ ដែលបុគ្គលម្នាក់ត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រង និងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនជាមួយសហកម្មសិទ្ធិករមានកម្រិតម្នាក់​ ឬច្រើននាក់។

សាជីវកម្ម៖ សំដៅលើអាជីវកម្មឬអង្គការដែលបង្កើតឡើងដោយក្រុមមនុស្ស ហើយវាមានសិទ្ធិនិងទំនួលខុសត្រូវដាច់ដោយឡែកពីអ្នកដែលពាក់ព័ន្ធ។

ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត (Limited Liability Company)៖ ជាប្រតិបត្តិការអាជីវកម្មដាច់ដោយឡែក និងអនុញ្ញាតឱ្យវាទទួលបានលេខអត្តសញ្ញាណប័ណ្ណបើកគណនីធនាគារ និងធ្វើអាជីវកម្មទាំងអស់ក្រោមឈ្មោះរបស់ខ្លួន។

២. ប្រតិបត្តិការរូបវ័ន្តអាជីវកម្ម៖​ នៅពេលដែលអ្នកបានបង្កើតរចនាសម្ព័ន្ធស្របច្បាប់សម្រាប់អាជីវកម្មរួចហើយ អ្នកត្រូវគិតអំពីប្រតិបត្តិការអាជីវកម្មទាំងមូលរបស់អ្នក រួមមាន ទីតាំង ដំណើរការ ធនធាន និងឧបករណ៍ផ្សេងៗទៀតដែលអ្នកនឹងត្រូវការចាំបាច់ ដើម្បីយកមកអនុវត្តឱ្យចេញជាផលសម្រេច ដូចជាមានផលិតផលឬសេវាកម្មដ៏ល្អ។

៣. បទប្បញ្ញត្តិ និងគោលការណ៍ណែនាំអាជីវកម្ម៖ ការធ្វើអាជីវកម្មតែងតែមានច្បាប់ និងបទប្បញ្ញត្តិលើគ្រប់ទិដ្ឋភាពនៃការបណ្តាក់ទុនអាជីវកម្មរបស់អ្នក ដូច្នេះត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្លាំង ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មស្របច្បាប់ និងជាទីទុកចិត្តដល់អ្នកវិនិយោគិន ថែមទាំងអាចជំនួយដល់ការធ្វើផែនការអាជីវកម្មបានល្អ។

៤. ប្រតិបត្តិការហិរញ្ញវត្ថុអាជីវកម្ម៖ ការធ្វើអាជីវកម្ម រឿងមួយដែលសំខាន់ គឺការរក្សាកំណត់ត្រាគណនេយ្យ ក្នុងគោលបំណងការពារការកេងបន្លំពីអ្នកពាក់ព័ន្ធ និងមានការត្រៀមទុកមុនបានលឿន នៅពេលអ្នកត្រូវការដើមទុនបន្ថែម។ លើសពីនេះ អ្នកអាចគ្រប់គ្រងចំណូល ចំណាយ និងចរន្តសាច់ប្រាក់ទាំងអស់នៅក្នុងក្រុមហ៊ុនបានល្អ។

៥. ការគ្រប់គ្រងប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃ៖ ដើម្បីគ្រប់គ្រងប្រតិបត្តិការបាន អ្នកត្រូវពិនិត្យឡើងវិញនូវការផលិត ស្ដង់ដារផលិតកម្ម ដំណើរការផលិតផលដើម្បីធ្វើឱ្យបានសម្រេចតាមការរំពឹងទុក ការគ្រប់គ្រងទិន្នន័យស្ដុក និង​ដំណើរការវិក្កយបត្រនិងការប្រមូលប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here