ដោយៈ ម៉ាណេត
ភ្នំពេញៈ ប្រព័ន្ធទូទាត់សងប្រាក់ គឺជារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសដែលដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយផ្តល់នូវមធ្យោបាយទូទាត់សងប្រាក់ ដែលមានប្រសិទ្ធភាពក្នុងការទិញទំនិញ សេវា និងទ្រព្យសកម្មហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវមធ្យោបាយ ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព សម្រាប់អាជ្ញាធរប្រើប្រាស់ ដើម្បីគ្រប់គ្រងហានិភ័យជាប្រព័ន្ធ និងសម្រាប់ធនាគារកណ្តាលអនុវត្តគោលនយោបាយរូបិយវត្ថុ។
ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការនៅក្នុងប្រព័ន្ធទូទាត់សងប្រាក ធនាគារជាតិនៃកម្ពុជា អនុវត្តន៍ភារកិច្ចធំៗចំនួន៣ដូចជា៖
- ការផ្តល់សេវាធនាគារ
ធនាគារជាតិនៃកម្ពុជា ផ្តល់សេវាធនាគារដល់រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ (how about microfinance institutions?) បើកគណនីក្នុងនាមជាភ្នាក់ងាររដ្ឋ និងជាភ្នាក់ងាររបស់រាជរដ្ឋាភិបាល ជាពិសេសរតនាគារជាតិ ។ ធនាគារជាតិនៃកម្ពុជាក៏ជួយគ្រប់គ្រងបំណុលរាជរដ្ឋាភិបាល ឬអង្គភាពសាធារណៈ ដោយធ្វើប្រតិបត្តិការមូលបត្រ រួមទាំងការផ្តល់យោបល់លើការកំណត់ពេល នៃការចេញផ្សាយមូលបត្រ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏ទិញ-លក់ និងទិញឡើងវិញនូវមូលបត្ររដ្ឋាភិបាលផងដែរ។
ធនាគារជាតិនៃកម្ពុជាក៏លើកកម្ពស់ សេវាអន្តរធនាគារដូចជា ការធ្វើមជ្ឈការហានិភ័យ និងបំណុលដែលមិនបានទូទាត់សង ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលផាត់ទាត់សម្រាប់ផាត់ទាត់ និងទូទាត់សងប្រាក់អន្តរធនាគារប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័ស។
- ប្រតិបត្តិការប្រព័ន្ធទូទាត់ជាតិ
ធនាគារជាតិនៃកម្ពុជា ដំណើរការប្រព័ន្ធទូទាត់សងប្រាក់ពាក់ព័ន្ធ នឹងប្រតិបត្តិការផ្ទេរប្រាក់រវាងគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ឬប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់នូវការទូទាត់ សុទ្ធចុងក្រោយលើកាតព្វកិច្ច ដែលបានផាត់ទាត់តាមរយៈប្រព័ន្ធទូទាត់រាយ និងការដកនិងទទួលមូលនិធិផ្សេងៗ របស់រតនាគារជាតិ។ មានតែស្ថាប័នរដ្ឋ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះ ដែលអាចបើកគណនីនៅធនាគារជាតិនៃកម្ពុជាបាន។
ឯកត្តជន និងក្រុមហ៊ុនធុរកិច្ចមិនមែនហិរញ្ញវត្ថុឯកជនផ្សេងៗ មិនអាចប្រើប្រាស់មធ្យោបាយទូទាត់ របស់ធនាគារជាតិនៃកម្ពុជាឡើយ ។ ក្រៅពីការកំណត់បើកគណនីឲ្យតែរាជរដ្ឋាភិបាលនិងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាពុំមានកំណត់លក្ខខ័ណ្ឌផ្សេងៗដើម្បី បើកគណនីនៅធនាគារជាតិនៃកម្ពុជាឡើយ ដូចជា ទំហំទ្រព្យសកម្មអប្បបរមា ឬចំនួននៃការទូទាត់ជាដើម។
ធនាគារពាណិជ្ជដែលមានអាជ្ញាប័ណ្ណទាំងអស់ តម្រូវឲ្យបើកគណនីបីប្រភេទនៅធនាគារជាតិនៃកម្ពុជា រួមមាន គណនីចរន្ត គណនីប្រាក់បម្រុងកាតព្វកិច្ច និងគណនីប្រាក់តម្កល់ធានាលើដើមទុន។ រាល់ប្រតិបត្តិការផ្សេងៗ ដូចជា ដាក់ប្រាក់ ដកប្រាក់ឬបង្វែរគឺត្រូវធ្វើឡើងតាមរយៈគណនីចរន្ត។ ជាគោលការណ៍ ការប្រាក់មិនត្រូវបានផ្តល់ចំពោះសមតុល្យក្នុងគណនីចរន្តឡើយ។
ចំពោះធនាគារពាណិជ្ជ ជាសមាជិករបស់សភាផាត់ទាត់ជាតិ ត្រូវមានគណនីដាច់ ដោយឡែកមួយផ្សេងទៀត សម្រាប់ប្រើប្រាស់ក្នុងដំណើរការទូទាត់ហៅថា គណនីទូទាត់ ។ លើសពីនេះធនាគារជាតិ នៃកម្ពុជាក៏ផ្តល់ឥណទានវិបារូបន៍ ដល់ធនាគារជាសមាជិកសភាផាត់ទាត់ជាតិទាំងអស់ សម្រាប់ដោះស្រាយក្នុងករណី កង្វះខាតសន្ទនីយភាពសម្រាប់ការទូទាត់ជាបណ្តោះអាសន្ន ។
- ការគ្រប់គ្រងនិងត្រួតពិនិត្យប្រព័ន្ធទូទាត់
ធនាគារជាតិនៃកម្ពុជា មានការទទួលខុសត្រូវដែលកំណត់ដោយច្បាប់ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធ ទូទាត់សងប្រាក់។ ដើម្បីឲ្យប្រព័ន្ធទូទាត់សងប្រាក់ដំណើរការប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព ធនាគារជាតិនៃកម្ពុជាអាចចេញផ្សាយប្រកាស កំណត់ពីលក្ខខ័ណ្ឌ សម្រាប់អ្នកផ្តល់សេវាទូទាត់សងប្រាក់ ព្រមទាំងផ្តល់អាជ្ញាប័ណ្ណនិងចុះបញ្ជីសម្រាប់គ្រឹះស្ថានផ្អែកលើលក្ខខ័ណ្ឌដែលបានកំណត់។
ក្នុងកិច្ចការងារអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជាក៏បានសហការជាមួយដៃគូអភិវឌ្ឍអន្តរជាតិ និងភាគីពាក់ព័ន្ធក្នុងប្រទេស ជាពិសេសវិស័យធនាគារដែលតំណាងដោយសមាគមធនាគារកម្ពុជា ហើយក្នុងគោលដៅសម្រួលនូវទំនាក់ទំនងជាមួយធនាគារជាតិនៃកម្ពុជា សមាគមធនាគារកម្ពុជា ក៏បានបង្កើតជាអនុគណៈកម្មការប្រព័ន្ធទូទាត់ ដែលមានតួនាទីអនុវត្តការងារទាក់ទង នឹងគោលនយោបាយ ការគ្រប់គ្រង និងប្រតិបត្តិការទូទាត់ផងដែរ៕