ធនាគារកាណាឌីយ៉ា និង PTT Cambodia ចុះ MOU លើកិច្ចព្រមព្រៀងភាពជាដៃគូលើសេវាទូទាត់ឌីជីថល

ដោយៈ សុផារី

ភ្នំពេញៈ ធនាគារកាណាឌីយ៉ា ភីអិលស៊ី ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) លីមីតធីត (ភីធីធី) ដែលជាក្រុមហ៊ុនប្រេង និងលក់រាយអន្តរជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ លើសេវាទូទាត់ឌីជីថល និងគ្រោងការណ៍ហិរញ្ញប្បទានរបស់អ្នកលក់ ដែលនឹងអាចឱ្យភាគីទាំងពីរ ពង្រឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅទូទាំងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងពិធីចុះហត្ថលេខា ដែលធ្វើឡើងនៅ CANADIA Tower មានការចូលរួមពីនាយកប្រតិបត្តិធនាគារកាណាឌីយ៉ា លោក Raymond Sia Say Guan និងនាយកគ្រប់គ្រង PTT លោក Nuttapong Kaewtrakulpong កាលពីថ្ងៃពុធ ១៥ ខែធ្នូ ឆ្នាំ២០២១។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ធនាគារកាណាឌីយ៉ា និងភីធីធី នឹងស្វែងរកឱកាស ដើម្បីរួមគ្នាអភិវឌ្ឍភាពជាដៃគូ លើដំណោះស្រាយការទូទា​ត់ រួមទាំងសេវាទូទាត់ប្រាក់តាមអេឡិចត្រូនិក ដំណោះស្រាយការទូទាត់ដោយគ្មានសាច់ប្រាក់ និងបណ្តាញអេធីអឹម នៅទូទាំងប្រតិបត្តិការទាំងអស់របស់ភីធីធីទូទាំងប្រទេស។ បន្ថែមពីលើសេវាកម្មទូទាត់ តាមប្រព័ន្ធឌីជីថល ធនាគារកាណាឌីយ៉ា នឹងផ្តល់ជូននូវកញ្ចប់ហិរញ្ញប្បទាន ខ្សែសង្វាក់ផ្គត់ផ្គង់ដល់ដំណាងចែកចាយរបស់ PTT ។

សេវាឥណពន្ធផ្ទាល់របស់ PTT ផ្តល់ដោយធនាគារកាណាឌីយ៉ាត្រូវបានអភិវឌ្ឍដោយជោគជ័យ ហើយនឹងត្រៀមខ្លួនជាស្រេច ផ្ដល់ដល់ដំណាងចែកចាយរបស់ PTT នៅចុងឆ្នាំនេះ។ ជាមួយនឹងសេវាឥណពន្ធផ្ទាល់ អ្នកចែកបៀ PTT អាចទូទាត់ការទូទាត់របស់ពួកគេ សម្រាប់ផលិតផល និងសេវាកម្មរបស់ PTT តាមរយៈប្រព័ន្ធ PTT E-Order ដោយផ្ទេរប្រាក់ពីគណនីធនាគារកាណាឌីយ៉ារបស់ពួកគេ ទៅគណនីធនាគារកាណាឌីយ៉ារបស់ PTT ដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។

សេវាកម្មនេះ នឹងកាត់បន្ថយយ៉ាងសំខាន់ នូវដំណើរការបញ្ជាទិញផលិតផល និងសេវាកម្មរបស់ PTT និងធ្វើឱ្យប្រតិបត្តិការធនាគារកាន់តែលឿន ជាមួយធនាគារកាណាឌីយ៉ា។

លោក Raymond Sia Say Guan នាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ាបានមានប្រសាសន៍ថា “ធនាគារកាណាឌីយ៉ា ជឿជាក់លើការបង្កើ​តភាពជាដៃគូ ជាមួយអតិថិជនរបស់យើងជាមួយនឹង “ដំណោះស្រាយឈ្នះឈ្នះ” ជានិច្ចនៅក្នុងចិត្ត”។ លោកបន្តថា “ធនាគារកាណាឌីយ៉ាមានសេចក្តីសោម​នស្សរីករាយ ក្នុងការបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន PTT លើដំណោះស្រាយការទូទាត់ ជូនអតិថិជន ដៃគូរ និងឈ្មួញ”។

លោកបានបន្តថា កិច្ចព្រមព្រៀងនេះគឺជាសក្ខីភាពនៃ “ដំណោះស្រា​យឈ្នះ-ឈ្នះ” សម្រាប់ភាគីទាំងពីរ ហើយក៏តំណាងឱ្យកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់មេដឹកនាំទីផ្សារទាំងពីរ នៅក្នុងឧស្សាហកម្មរៀងៗខ្លួន។ ដោយមានអ្នកទទួលផលជាយថា ហេតុនៃគំនិតផ្តួចផ្តើមនេះ គឺជាអតិថិជនរបស់យើង ក៏ដូចជាអ្នកលក់របស់ PTT”។

លោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងក្រុមហ៊ុន PTT បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើជាដៃគូអាជីវកម្ម ជាមួយធនាគារកាណាឌីយ៉ា ហើយខ្ញុំសូមយកឱកាសនេះ ដើម្បីអបអរសាទរ ចំពោះពួកយើងទាំងពីរសម្រាប់ការដំណើរការប្រកបដោយជោគជ័យ នៃសេវាកម្មឥណពន្ធផ្ទាល់របស់ PTT ដោយធនាគារកាណាឌីយ៉ា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here