ទីផ្សារដំឡូងមីក្លាយជាបញ្ហាបារម្ភរបស់កសិករជាថ្មី ខណៈតម្លៃមានការធ្លាក់ចុះ

ដោយ៖ ណេត
បាត់ដំបង៖ កសិករដាំដំឡូងមីនៅក្នុងស្រុករតនមណ្ឌលបានត្អូញត្អែរពីតម្លៃដំឡូងមីធ្លាក់ខ្លាំង ខណៈដល់រដូវប្រមូលផលដំឡូងមីដើម្បីលក់ឲ្យឈ្មួញកណ្តាល ស្រាប់តម្លៃចុះថោក១ជា២ដង មិនសមស្របទៅនឹងកម្លាំងពលកម្ម ហើយកសិករសំណូមពរសុំឲ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញជួយរកទីផ្សារសម្រាប់លក់កសិផលដំឡូងក្នុងតម្លៃសមរម្យ។

កសិករដែលជាអ្នកដាំដំណាំដំឡូងមីនៅចំណុចភូមិទឹកសាបឃុំផ្លូវមាស ស្រុករតនមណ្ឌល បានថ្លែងកាលពីថ្ងៃទី២៧ខែសីហា ឆ្នាំ២០២០ថា ពួកគាត់មានផ្ទៃដីដាំដំឡូងមីជិត១០០ហិកតាទទួលបានទិន្នផលល្អ។ ពេលនេះដល់រដូវប្រមូលផលដំឡូងមីស្រាប់តែឈ្មួញកណ្តាលឲ្យតម្លៃថោកជាងឆ្នាំមុនម្តងជា២ដងធ្វើឲ្យពួកគាត់បាក់ទឹកចិត្តយ៉ាងខ្លាំង។

នៅឆ្នាំមុនឈ្មួញទិញក្នុងតម្លៃ២បាតទៅ២,៣បាតក្នុង១គីឡូក្រាមតែឆ្នាំនេះដំឡូងធ្លាក់ថ្លៃនៅសល់ត្រឹមតែ១,៣បាតក្នុង១គីឡូក្រាមហើយតម្រូវឲ្យពួកគាត់ដឹកជញ្ជូនទៅដល់សៃឡូ(កន្លែងទិញ)ទៀតផង។ បើសិនបានតម្លៃត្រឹម២បាតឬ២បាតជាងពលរដ្ឋភូមិនេះមិនសូវជំពាក់អង្គការនោះទេ។ បើធៀបឆ្នាំនេះទៅនិងឆ្នាំមុនខុសតម្លៃគ្នាច្រើនណាស់ដែលម្នាក់ៗមានផលដំឡូងមីរាប់រយតោន ដែលទទួលយកមិនបានដោយគ្រាន់តែទូទាត់ទៅលើសេវាឈ្នួល ពូជ ថ្លៃជី ថ្លៃកម្មករក៏មិនអាចទូទាត់បានផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកលោកឈឹម វជិរា ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង មិនអាចធ្វើការទំនាក់ទំនងបានទេនៅរសៀលថ្ងៃនេះដោយទូរស័ព្ទចូលមិនមានអ្នកលើក។

ប្រជាកសិករបានអំពាវនាវនិងសំណូមពរទៅដល់មន្ទីរក្រសួងជំនាញពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលជួយរកទីផ្សារនាំចេញកសិផលដែលកសិករផលិតបានលក់ចេញក្នុងតម្លៃសមរម្យផងព្រោះតែ គ្មានទីផ្សារទើបពួកឈ្មួញកណ្តាលបន្ថោកតម្លៃស្រេចតែចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here