សហគ្រិនភាពនៅកម្ពុជាសម្រេចបានកំណើនខ្ពស់ក្នុងរយៈ ៥ឆ្នាំចុងក្រោយ

ដោយៈលក្ខិណា

ភ្នំពេញៈ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ក្នុងយរៈពេល៥ឆ្នាំកន្លងមកនេះ យើងបានមើលឃើញថា យុវជនកម្ពុជាចាប់ផ្ដើម ចេញរកស៊ីច្រើន ដោយមានគំនិតថ្មីៗផ្គួបផ្សំ នឹងចំណេះដឹងរបស់ពួកគាត់ ការៀនសូត្រយកចំណេះជំនាញនិងបទពិសោធន៍ពីខាងក្រៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ នៅក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០២១ កាលពីចុងសប្ដាហ៍កន្លងទៅនេះឱ្យដឹងថាដោយសារតែកំណើននៃសហគ្រិនភាព នៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់បែបនេះ ក៏ធ្វើឱ្យកម្ពុជាមានសេវាកម្ម ផលិតផលដែលជារបស់ខ្លួនឯងសម្រាប់ប្រើប្រាស់ក្នុងស្រុក និងមានតម្លៃសមរម្យហើយអាចកាត់បន្ថយនូវការនាំចូលពីខាងក្រៅប្រទេស ។

លោកបន្តថា “សហគ្រិនក្នុងស្រុក ក៏បានចូលរួមដល់ការគាំទ្រកំនើនសេដ្ឋកិច្ច ការអភិវឌ្ឍឱ្យបានយូរអង្វែង និងការធ្វើនវានុវត្តន៍និងជាកំលាំងចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ចផងដែរ”។លោកបន្ថែមថា ទន្ទឹមនឹងការរីកចម្រើន នៃវិស័យសហគ្រិនភាពនៅក្នុងស្រុកដែរ រដ្ឋក៏បានចូលរួមគាំទ្រ ដើម្បីជំរុញសកម្មភាពសហគ្រិន នៅក្នុងឱ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ”។

ជាក់ស្ដែងការរៀបចំការប្រកួតប្រជែង សហគ្រិនឆ្នើមកម្ពុជាប្រចាំឆ្នាំនេះជាដើម ក៏ជាផ្នែកមួយនៃការគាំទ្រដល់សហគ្រិនកម្ពុជា ។

លោកវង្សី វិស្សុតបានលើកទឹកចិត្តដល់យុវជនកម្ពុជា ឱ្យចាប់យកការរកស៊ីគឺជាការងារចិញ្ចឹមជីវិត នៅពេលពួកគេរៀនចប់ ពីសាកលវិទ្យាជាជាងការដែលមានផ្នត់គំនិត រៀបចំចង់តែចូលធ្វើការជាមន្ត្រីរាជការ ឬធ្វើការងាររដ្ឋ ហើយសូមកុំឱ្យខ្លាចហានិភ័យ ពីព្រោះការរកស៊ីតែងតែមានហានិភ័យ គឺត្រូវមានភាពក្លាហាន និងត្រូវរៀនសូត្រពីហានិភ័យ ដើម្បីជាបទពិសោធន៍របស់ខ្លួន ក្នុងពេលរដ្ឋាភិបាលគាំទ្រយ៉ាងខ្លាំង ដល់ការបង្កើតសហគ្រិនភាពរបស់សហគ្រិនភាព ។

ជាមួយគ្នានេះ លោកស្រីកែវ មុំប្រធានសមាគមសហគ្រិនស្ត្រី កម្ពុជាក៏បានលើកឡើងផងដែរថា កំណើនសហគ្រិនភាព នៅកម្ពុជាត្រូវបានមើលឃើញថា មានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែទន្ទឹមនឹងនោះដែរក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាបញ្ហាហិរញ្ញវត្ថុ ការរៀបចំរចនាសម្ព័ន្ធសហគ្រិនឬអាជីវកម្មជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here