ដោយ: ម៉ាលីស
ភ្នំពេញៈ ជាទូទៅហិរញ្ញវត្ថុ តំណាងឱ្យការគ្រប់គ្រងលុយ និងដំណើរការនៃការទទួលបានកញ្ចប់សាច់ប្រាក់។ ហិរញ្ញវត្ថុក៏គ្របដណ្តប់លើការត្រួតពិនិត្យ ការបង្កើត និងការសិក្សាអំពីប្រាក់ធនាគារ ឥណទាន ការវិនិយោគ ទ្រព្យសម្បត្តិ និងបំណុលដែលបង្កើតជាប្រព័ន្ធហិរញ្ញវត្ថុ។
ហិរញ្ញវត្ថុ ត្រូវបានបែងចែកជា៣ប្រភេទធំៗ គឺហិរញ្ញវត្ថុផ្ទាល់ខ្លួន ហិរញ្ញវត្ថុសាជីវកម្ម និងហិរញ្ញវត្ថុសាធារណៈ ដែលមានដូចជា
១. ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance)
ការធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន រួមមាន ការវិភាគអំពីស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលណាម្នាក់ ដើម្បីបង្កើតយុទ្ធសាស្រ្តសម្រាប់បំពេញតម្រូវការនាពេលអនាគត។ ហិរញ្ញវត្ថុផ្ទាល់ខ្លួន មានភាពជាក់លាក់ចំពោះស្ថានភាព និងសកម្មភាពរបស់បុគ្គលម្នាក់ៗ ដែលការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនភាគច្រើន ពឹងផ្អែកលើប្រាក់ចំណូល តម្រូវការរស់នៅ និងបំណងប្រាថ្នារបស់មនុស្សម្នាក់ៗ។
ឧទាហរណ៍ បុគ្គលម្នាក់ៗត្រូវសន្សំប្រាក់ សម្រាប់ការចូលនិវត្តន៍ ដែលតម្រូវឱ្យសន្សំប្រាក់ ឬវិនិយោគប្រាក់ឱ្យបានគ្រប់គ្រាន់ ក្នុងកំឡុងពេលធ្វើការរបស់ពួកគេ ដើម្បីផ្តល់កញ្ចប់ថវិកា ដល់ផែនការរយៈពេលវែងរបស់ពួកគេ។ ការសម្រេចចិត្តក្នុ ងការគ្រប់គ្រងហិរញ្ញវត្ថុប្រភេទនេះ គឺជាហិរញ្ញវត្ថុផ្ទាល់ខ្លួន។
ហិរញ្ញវត្ថុផ្ទាល់ខ្លួន រួមមាន ការទិញផលិតផលហិរញ្ញវត្ថុ ដូចជា កាតឥណទាន ធានារ៉ាប់រង ប្រាក់កម្ចីទិញផ្ទះ និងប្រភេទវិនិយោគផ្សេងៗ។ ធនាគារក៏ត្រូវបានគេចាត់ទុកថា ជាសមាសធាតុនៃហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ ពីព្រោះបុគ្គលប្រើប្រាស់គណនីពិនិត្យ និងសន្សំរួមទាំងសេវាកម្មទូទាត់តាមអ៊ីនធឺណិត ឬតាមទូរស័ព្ទដូចជា PayPal និង Venmo ។
២. ហិរញ្ញវត្ថុសាជីវកម្ម (Corporate finance)
ហិរញ្ញវត្ថុសាជីវកម្ម សំដៅលើសកម្មភាពហិរញ្ញវត្ថុ ទាក់ទងនឹងការដំណើរការសាជីវកម្ម ដូចជា មានការបែងចែកជាអង្គភាព ឬនាយកដ្ឋានសម្រាប់ត្រួតពិនិត្យសកម្មភាពហិរញ្ញវត្ថុ។
ឧទាហរណ៍ ហិរញ្ញវត្ថុសាជីវកម្មមួយ គឺក្រុមហ៊ុនធំមួយប្រហែលជាត្រូវសម្រេចចិត្តថា តើត្រូវប្រមូលប្រាក់បន្ថែម តាមរយៈការបោះលក់មូលបត្របំណុល ឬបោះលក់ភាគហ៊ុន។ ធនាគារវិនិយោគអាចផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនអំពីការពិចារណាបែបនេះ។
អាជីវកម្មថ្មី អាចទទួលបានដើមទុនពីវិនិយោគិន ឬអ្នកបណ្តាក់ទុនជាថ្នូរ នឹងចំណែកកម្មសិទ្ធិនៃអាជីវកម្មនោះ។ ប្រសិនបើក្រុមហ៊ុនមួយរីកចម្រើនហើយសម្រេចចិត្តបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ វានឹងបោះលក់ភាគហ៊ុននៅផ្សារហ៊ុន តាមរយៈការផ្តល់ជូនជាសាធារណៈលើកដំបូង (IPO) ក្នុងការទទួលបានសាច់ប្រាក់បន្ថែម។
ក្នុងករណីផ្សេងទៀតក្រុមហ៊ុនមួយ អាចនឹងចំណាយដើមទុនរបស់ខ្លួន ហើយសម្រេចចិត្តថា តើគម្រោងមួយណា ដែលត្រូវចំណាយលុយធ្វើ និងគម្រោងណាដែលត្រូវផ្អាកសិន។ ប្រភេទនៃការសម្រេចចិត្តទាំងអស់នេះស្ថិតនៅក្រោមហិរញ្ញវត្ថុសាជីវកម្ម។
៣. ហិរញ្ញវត្ថុសាធារណៈ(Public finance)
ហិរញ្ញវត្ថុសាធារណៈ រួមមាន ការយកពន្ធ ការចំណាយ ការរៀបចំថវិកាជាតិ និងគោលនយោបាយហិរញ្ញវត្ថុផ្សេងៗ ដែលជះឥទ្ធិពលដល់របៀបដែលរដ្ឋាភិបាល ទូទាត់ប្រាក់ជាមួយប្រជាជន។ រដ្ឋាភិបាលជួយការពារការធ្លាក់ចុះនៃទីផ្សារ ដោយត្រួតពិនិត្យលើការបែងចែកធនធាន ការបែងចែកប្រាក់ចំណូល និងស្ថិរភាពសេដ្ឋកិច្ច។
ចំណូលរដ្ឋាភិបាលជាធម្មតាមានកំណើន តាមរយៈការយកពន្ធ។ ក្រៅពីនេះការខ្ចីប្រាក់ពីធនាគារអន្តរជាតិ ក្រុមហ៊ុនធានារ៉ាប់រង និងប្រទេសដទៃទៀត ក៏ជួយដល់ការចំណាយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលផងដែរ៕