ដោយៈ សុធារី
ចិនៈ អាមេរិកនៅតែជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសចិនដដែលកាលពីខែវិច្ឆិកា ដោយតម្លៃពាណិជ្ជកម្មទ្វេភាគី បានកើនឡើងដល់៧២ប៊ីលានដុល្លារ ខណៈអ្នកវិភាគបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគី អាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយ នៅឆ្នាំនេះ។ នេះបើយោងតាមកាសែត Global Times។
លោក Tian Yun សេដ្ឋវិទូនៅទីក្រុងប៉េកាំង បានប្រាប់កាសែត Global Times ថា អាមេរិកត្រូវបង្កើនការនាំចូលពីប្រទេសចិន ដើម្បីបន្ធូរសម្ពាធកង្វះការផ្គត់ផ្គង់ក្នុងស្រុក។
លោកបន្ថែមថា “ប្រសិនបើមិនបង្កើនការនាំចូលទេ អតិផរណានៅអាមេរិកទំនងជាបន្តកើនឡើង”។
ទិន្នន័យស្ថាប័នគយចិនបានបង្ហាញថា ពាណិជ្ជកម្មសរុបក្នុងរយៈពេល១១ខែដំបូងក្នុងឆ្នាំនេះ រវាងប្រទេសទាំងពីរបានកើនឡើងដល់៦៨២,៣២ប៊ីលានដុល្លារ ដោយកើនឡើង៣០,២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយលើកឡើងពីពាណិជ្ជកម្មទ្វេភាគដ៏រឹងមាំ លោក Tian បានព្យាករណ៍ថា នឹងមានតួលេខខ្ពស់ថ្មីមួយ សម្រាប់ទំហំពាណិជ្ជកម្មចិន-អាមេរិកនៅឆ្នាំ២០២១នេះ ដែលនឹងបន្តលើកើតមានរហូតដល់ឆ្នាំក្រោយ។ លោកបានប៉ាន់ប្រមាណថា អត្រាកំណើននាំចេញរបស់ចិននៅឆ្នាំ២០២២ នឹងខ្ពស់ជាងអត្រាកំណើន ឆ្នាំ២០២១ ចំនួន៥ភាគរយ។
ទោះជាយ៉ាងណា អត្រាកំណើនពាណិជ្ជកម្មទ្វេភាគី បានធ្លាក់ចុះពី៣៥,៤ភាគរយនៅខេកញ្ញា មកនៅត្រឹម ៣៣,៤ភាគរយនៅខែតុលា។
លោក Tian បានថ្លែងថា បើអាមេរិកបោះបង់ចោលពន្ធពិន័យលើផលិតផលចិន វានឹងជាវិធានការឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ ខណៈដែលវានឹងជួយបន្ធូរសម្ពាធ អតិផរណារបស់អាមេរិក ខណៈដែលចិន នឹងបង្កើនការនាំចេញរបស់ខ្លួនទៅកាន់អាមេរិក៕