ដោយៈសុខុម
ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុង New World Development បានប្រកាសនៅថ្ងៃច័ន្ទ ទី៦ ធ្នូ នេះថា ខ្លួនមានគម្រោងសាងសង់ផ្ទះថ្មីចំនួន៣០០យូនីត ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ៥០% ធៀបនឹងតម្លៃទីផ្សារនៅក្នុងគម្រោងលំនៅដ្ឋានឯកជន ដែលទទួលបានការឧបត្ថម្ភធនដំបូងបង្អស់ មិនធ្លាប់មាននៅក្នុងទីក្រុងនេះ។
ចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីផ្តល់លំនៅដ្ឋានតម្លៃសមរម្យនៅហុងកុង ដែលស្ថិតក្នុងចំណោមទីផ្សារអចលនទ្រព្យថ្លៃៗ បំផុតរបស់ពិភពលោក ក្រុមហ៊ុន New World បញ្ជាក់ថា ខ្លួននឹងតម្រូវឱ្យអ្នកទិញកក់លុយមុនត្រឹមតែ៥%ប៉ុណ្ណោះនៃតម្លៃផ្ទះ។
ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន New World បានប្រកាសកាលពីខែកញ្ញាថា ខ្លួននឹងចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវមួយ ដែលមានឈ្មោះថា New World Build for Good ដើម្បីដោះស្រាយបញ្ហាកង្វះលំនៅដ្ឋានដ៏រ៉ាំរ៉ៃនៅក្នុងទីក្រុងនេះ។
លោកAdrian Cheng នាយកប្រតិបត្តិក្រុមហ៊ុន New World Development បានចេញសេចក្តីថ្លែងការណ៍ថា “នេះអាចជាជំហានដំបូងតូច ប៉ុន្តែមានសារៈសំខាន់ ដែលយើងសង្ឃឹមថានឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាជីវកម្មហុងកុង ផ្សេងៗទៀតចូលរួមជាមួយយើងនៅក្នុងការបង្កើតគម្រោងស្រដៀងៗគ្នា និងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅសហគមន៍វិញ”។
នៅពេលសំណើត្រូវបានរដ្ឋាភិបាលអនុម័ត ក្រុមហ៊ុនNew World នឹងសាងសង់អាផាតម៉ិនចំនួន៣០០យូនីត ដែលក្នុងមួយយូនីតមានពី១ដល់៣បន្ទប់គេង និងមានផ្ទៃសរុបចាប់ពី២៨ម៉ែត្រការ៉េ ដល់៤៦ម៉ែត្រការ៉េនៅក្នុងសង្កាត់ New Territories West។
អាផាតម៉ិនទាំងនេះ នឹងលក់តម្លៃក្នុងមួយយូនីតចន្លោះពី២,៧លានដុល្លារហុងកុង (៣៤៦.២៨៧ដុល្លារអាមេរិក) ទៅ៤,៩៥លានដុល្លារហុងកុង (៦៣៤.៦២៧ដុល្លារអាមេរិក) ហើយអាទិភាពនឹងត្រូវបានផ្តល់ឱ្យពលរដ្ឋហុងកុង ជាអ្នកទិញផ្ទះដំបូង ដែលមានអាយុចន្លោះពី២៥ឆ្នាំទៅ៤៥ឆ្នាំ។
ការធ្វើឱ្យលំនៅដ្ឋានកាន់តែមានតម្លៃសមរម្យ គឺជាគោលនយោបាយអាទិភាពសម្រាប់គ្រប់មេដឹកនាំរបស់ហុងកុង ចាប់តាំងពីអតីតអាណានិគមអង់គ្លេសមួយនេះ ត្រូវបានប្រគល់ឱ្យស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសចិន ក្នុងឆ្នាំ១៩៩៧៕ Reuters៕