រដ្ឋាភិបាលពន្យាពេលលើការផាកពិន័យអ្នកលក់អនឡាញដែលមិនទាន់ចុះបញ្ជីរ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពី ការពន្យាពេលការផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា អនុលោមតាមសេចក្តីជូនដំណឹងលេខ ២១៩៤ ព.ណ.ចបព ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នឹងដល់កាលបរិច្ឆេទកំណត់ការស្នើសុំនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបានសង្កេតឃើញថា សហគ្រា​ស-ក្រុមហ៊ុន ដែលបាននិងកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួន កំពុងរៀបចំឯកសារ ដើម្បីធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ដូចនេះ ដើម្បីផ្តល់លទ្ធភាពក្នុងការបំពេញកាតព្វកិច្ច ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្មសម្រេចពន្យារកា​លបរិច្ឆេទ ការផាកពិន័យលើការស្នើសុំនេះ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ជាកំណត់។

ក្រសួងពាណិជ្ជកម្មមានជំនឿយ៉ាងមុតមាំថា ក្នុងអំឡុងពេលនៃការពន្យារពេលនេះ ម្ចាស់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលបាននិងកំពុងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ នឹងរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក តាមការកំណត់ជាក់ជាមិនខាន។

ចំពោះពាក្យស្នើសុំ បែបបទ លក្ខខណ្ឌ និងឯកសារតម្រូវផ្សេងៗ អាចទាញយកបានតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh ឬគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម www.moc.gov.kh
បុគ្គលស្នើសុំអាចដាក់ពាក្យស្នើ សុំដោយផ្ទាល់នៅនាយកដ្ឋាន ចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh

LEAVE A REPLY

Please enter your comment!
Please enter your name here