សម្តេចតេជោមានសុទិដ្ឋិនិយមពីកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយរដ្ឋាភិបាលបើកប្រទេសឡើងវិញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីសុទិដ្ឋិ​និយមទាក់ទងនឹងសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានកំណើនល្អឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល បើកប្រទេសពេញលេញឡើងវិញ ធ្វើឲ្យចំណូលជាតិមានការកើនឡើង នៅខែវិច្ឆិកាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបង្ហាញនូវជំនឿចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្តេចតេជោបន្តថា “ចំណូលខែវិច្ឆិកាកន្លង ទៅមានការកើនឡើង ប្រៀបធៀបទៅនឹងខែមុនៗ ហើយខ្ញុំជឿថា ការកើនឡើងនេះ នឹងមានបន្តអត់ថយទេ។ កំណើនសេដ្ឋកិច្ចរបស់យើងនឹងហក់ឡើង បើទោះបីជាមានអូមីក្រុង (វីរុសបំប្លែងថ្មី) ក៏ដោយ”។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលសេដ្ឋកិច្ចមានការកើនឡើងវិញ រាជរដ្ឋាភិបាលមានលទ្ធភាពនឹងសន្សំប្រាក់ ដើម្បីវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅតាមបណ្តារាជធានី-ខេត្ត ដូចទៅនឹងខេត្តព្រះសីហនុដែរ។

សម្តេចតេជោហ៊ុន សែន ធ្លាប់បានលើកឡើងថា ការរាតត្បាតនៃជំងឺកូវីដ១៩ ប្រមា​ណ២ឆ្នាំមកនេះ ធ្វើឱ្យកម្ពុជាចំណាយថវិកា ដែលបានសន្សំយកទៅដោះស្រាយជីវភាព របស់ប្រជាពលរដ្ឋ និងស្តារសេដ្ឋកិច្ចចំនួន២៣០០លានដុល្លារអាមេរិក។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យមានការភ័យស្លន់ស្លោជាមួយនឹងវីវុសបំប្លែងថ្មី អូមីក្រុង រហូតដល់ធ្វើឲ្យបាត់ម្ចាស់ការ ឬក្លាយទៅជាសម្ពាធផ្នែកសតិអារម្មណ៍។ អ្វីដែលត្រូវចាំបាច់ធ្វើ គឺការអនុវត្តឲ្យបានល្អ នូវវិធានការណ៍សុខាភិបាល។

រាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុង ២.៤ភាគរយ ក្នុងឆ្នាំ២០២១នេះ ខណៈនៅឆ្នាំក្រោយអាចសម្រេច បានក្នុងរង្វង់ ៤.៨ភាគរយ ហើយផលិតក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ (ផសស) រំពឹងថាកើនឡើងដល់ ១៨៤២ដុល្លារ ធៀបនឹង១៧៣០ដុល្លារក្នុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here