ដោយ៖ ម៉ាលីស
ភ្នំពេញ៖ មនុស្សភាគច្រើនមានការយល់ច្រលំថា សេរីភាពហិរញ្ញវត្ថុ ( Financial Freedom ) មិនមែនមានន័យថា ជាការមានសេរីភាពក្នុងការចាយវាយលើអ្វីក៏បាន ស្រេចតែចិត្ត។ សេរីភាពហិរញ្ញវត្ថុ ជាទូទៅសំដៅលើការមានប្រាក់គ្រប់គ្រាន់ ដើម្បីឱ្យការរស់នៅមានភាពសុខស្រួលដោយមិនបាច់ខ្វល់ពីការចំណាយ លើអ្វីៗដែលចាំបាច់ ប៉ុន្តែមិនមានសល់ប្រាក់គ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការ ឬការចង់បានផ្សេងៗទៀត។ ជារួម វាជាភាពឥតកង្វល់ និងភាពមានឯករាជ្យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ។
ទោះជាយ៉ាងណាក៏ដោយ លោកអ្នកអាចកត់សម្គាល់ឃើញថាមានយុវវ័យជាច្រើន នៅតែត្រូវសុំប្រាក់ឪពុកម្តាយចាយជារៀងរាល់ថ្ងៃដដែល ហើយជារឿយៗ ពួកគេតែងតែមានបញ្ហាខ្វះខាតប្រាក់បង់ថ្លៃវិក្កយបត្រសម្រាប់ចំណាយផ្ទាល់ខ្លួនដដែល។ ចំណុចទាំង៥យ៉ាងខាងក្រោមជាចំណុចដែលយុវវ័យសម័យថ្មីគួរយកចិត្តទុកដាក់ ដើម្បីសម្រេចបានគោលដៅសេរីភាពហិរញ្ញវត្ថុ៖
១. កំណត់គោលដៅហិរញ្ញវត្ថុនៅពេលចូលនិវត្តន៍
អ្នកគួរគប្បីកំណត់គោលដៅហិរញ្ញវត្ថុឱ្យបានច្បាស់លាស់។ ឧទាហរណ៍ថាតើអ្នកចង់រស់នៅក្នុងជីវភាពបែបណានៅពេលចូលនិវត្តន៍ តើអ្នកត្រូវមានប្រាក់ប៉ុន្មាននៅពេលនោះ តើអ្នកនឹងចូលនិវត្តន៍នៅអាយុប៉ុន្មាន ដើម្បីដឹងថាតើអ្នកនៅសល់ពេលប៉ុន្មានពីឥឡូវដើម្បីរៀបចំផែនការ។ ការកំណត់គោលដៅ ដែលច្បាស់លាស់ និងសមស្របនាំឱ្យការសម្រេចគោលដៅកាន់តែមានភាពប្រាកដប្រជា។
២. ការរៀបចំផែនការ៖ ការគ្រប់គ្រងចំណូល ចំណាយ និងសន្សំ
ដើម្បីសម្រេចគោលដៅអ្នកត្រូវរៀបចំផែនការថវិកាដោយផ្តើមពីការគ្រប់គ្រងចំណូល និងចំណាយ។ ត្រូវកាត់បន្ថយរាល់ចំណាយដែលមិនចាំបាច់ ហើយប្រាកដថា ចំណាយត្រូវទាបជាងចំណូល ដើម្បីអ្នកអាចសល់ប្រាក់សន្សំខ្លះ ដើម្បីសម្រេចគោលដៅ និងក្តីប្រាថ្នារបស់អ្នក។ ការកាត់បន្ថយចំណាយតែមួយមុខ មិនគ្រប់គ្រាន់នោះទេ អ្នកគួរបង្កើនចំណូលឱ្យបានជាអតិបរមាទៅតាមលទ្ធភាព ដូចជាតាមរយៈការរកការងារក្រៅម៉ោងបន្ថែម ការបង្កើតមុខរបរផ្ទាល់ខ្លួន ការយកប្រាក់សន្សំទៅវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ។ល។
៣. វិនិយោគ
គន្លឺះនៃការទទួលបានសេរីភាពហិរញ្ញវត្ថុ គឺការយកប្រាក់សន្សំទៅវិនិយោគ ដើម្បីពង្រីកនូវប្រភពចំណូលឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដោយយោងលើគោលការណ៍យកលុយបង្កើតលុយ។ ការវិនិយោគដែលពេញនិយមនៅកម្ពុជាបច្ចុប្បន្ន រួមមាន ការបណ្តាក់ទុនរកស៊ីជាមួយដៃគូ ការវិនិយោគលើអចលនទ្រព្យ ការដាក់ប្រាក់សន្សំនៅធនាគាររយៈពេលវែង ការវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុ ដូចជាភាគហ៊ុន ជាដើម។ ការវិនិយោគនីមួយៗផ្តល់អត្រាចំណេញ និងហានិភ័យខុសៗគ្នា និងស័ក្តិសមសម្រាប់គោលដៅវិនិយោគខុសៗគ្នា៕