ដោយៈសុខុម
ក្រុងឡុងដ៍: ផ្សារហ៊ុនទូទាំងពិភពលោកបានធ្លាក់ចុះ ក្រោយពីលោក Stephane Bancel ប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna បានធ្វើការព្រមាន និងបង្ហាញមន្ទិល ចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំង ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង (Omicron)។
យោងតាមសារព័ត៌មាន BBC ដែលបានចុះផ្សាយកាលពីថ្ងៃពុធ ទី០១ ធ្នូ ឱ្យដឹងថា ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ បន្ទាប់ពីមានការធ្លាក់ចុះស្រដៀងគ្នានៅអឺរ៉ុប និងអាស៊ី។
សន្ទស្សន៍ផ្សារភាគហ៊ុន FTSE 100 របស់អង់គ្លេស សន្ទស្សន៍ផ្សារភាគហ៊ុន Dax របស់អាល្លឺម៉ង់ និង សន្ទស្សន៍ផ្សារភាគហ៊ុន Cac 40 របស់បារាំង សុទ្ធតែបានធ្លាក់ចុះជាង១,៥% មុនពេលចាប់ផ្តើមហក់ឡើងបន្តិចវិញ ចំណែកឯសន្ទស្សន៍ផ្សារភាគហ៊ុន Stoxx 600 របស់អឺរ៉ុប បានធ្លាក់ចុះ១,៥% ដែលជាការធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេលជិត៧សប្តាហ៍មកនេះ។
ទន្ទឹមនេះ សន្ទស្សន៍ផ្សារភាគហ៊ុន Nikkei របស់ជប៉ុន បានធ្លាក់ចុះ១,៦% ខណៈតម្លៃប្រេងឆៅបានធ្លាក់ចុះជិត៣% ហើយប្រាក់ដុល្លារអូស្រ្តាលី បានធ្លាក់ចុះទាបក្នុងរយៈពេលមួយឆ្នាំ។
ទីផ្សារភាគហ៊ុន បានចាប់ផ្ដើមធ្លាក់ចុះកាលពីថ្ងៃសុក្រ សប្ដាហ៍មុន បន្ទាប់ពីបណ្ដាវិនិយោគិនជ្រួលច្របល់ ដោយសារការរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង ដោយធ្វើឱ្យសន្ទស្សន៍ផ្សារភាគហ៊ុន FTSE 100 របស់អង់គ្លេស ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាង១ឆ្នាំ។
ទោះជាយ៉ាងណា ទីផ្សារភាគហ៊ុនបានស្ទុះងើបឡើងវិញបន្តិចវិញ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ប៉ុន្តែនៅទាបជាងកម្រិតកាលពីសប្តាហ៍មុនឆ្ងាយណាស់៕ BBC៕