គម្រោងកំពង់ផែដ៏ធំសម្បើមលើផ្ទៃដីជាង១.០០០ហិកតារបស់សឹង្ហបុរី គ្រោងដាក់ដំណើរការត្រឹមនៅចុងឆ្នាំនេះ

ដោយៈសុខុម

សឹង្ហបុរី: អាជ្ញាធរនាវាចរណ៍ និងកំពង់ផែសិង្ហបុរី (MPA) បានប្រកាសកាលពីថ្ងៃអង្គារ ទី៣០ វិច្ឆិកា ថា ចំណតនាវា២ដំបូងនៃដំណាក់កាលទី១ ក្នុងគម្រោងកំពង់ផែដ៏ធំសម្បើម Tuas Port របស់សិង្ហបុរី គ្រោងនឹងដាក់ឱ្យដំណើរការ នៅត្រឹមដំណាច់ឆ្នាំ២០២១ នេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា ដំណើរការសាងសង់កំពង់ផែនេះ បានចាប់ផ្ដើមកាលពីប្រមាណ៦ឆ្នាំមុន។ អាជ្ញាធរ MPA បានចេញសេចក្ដីប្រកាសព័ត៌មានថា គម្រោងកំពង់ផែនេះ មានទាំងអស់៤ដំណាក់កាល ហើយទាំង៤ដំណាក់កាលនេះ នឹងបញ្ចប់ជាស្ថាពរនៅទសវត្សរ៍ឆ្នាំ២០៤០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាជ្ញាធរ MPA បានបន្ថែមទៀតថា នៅពេលសាងសង់បញ្ចប់ជាស្ថាពរ កំពង់ផែនេះនឹងលាតសន្ធឹង លើផ្ទៃដីសរុបរហូតដល់ទៅប្រមាណ១.៣៣៧ហិកតា។ កំពង់ផែនេះនឹងបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ដងស្ទូចដែលដំណើរការដោយស្វ័យប្រវត្តិ និងយានដំណើរការស្វ័យប្រវត្តិ ដោយគ្មានអ្នកបើកបរ សម្រាប់ដឹកជញ្ជូនកុងតឺន័រនៅកំពង់ផែនេះជាដើម។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រទេសនេះ លោក S Iswaran បានថ្លែងថា “ការបញ្ចប់ដំណាក់កាលទី១ សម្រាប់កំពង់ផែ Tuas Port គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីភាពធន់ទ្រាំរបស់យើង អំឡុងស្ថានការណ៍ដ៏អាក្រក់ និងបញ្ជាក់ពីឋានៈស័ក្ដិសមរបស់ប្រទេសសិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលកំពង់ផែពិភពលោក ដែលបណ្ដាដៃគូអាចជឿទុកចិត្តបាន”។

រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា ការប្រើប្រាស់ “វិធីសាស្រ្តសាងសង់ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព” បានធ្វើឱ្យអាជ្ញាធរ MPA សន្សំសំចៃការចំណាយបានរហូតដល់ជាង១ពាន់លានដុល្លារ សម្រាប់ដំណាក់កាលទី១។
នៅក្នុងព្រឹត្តិការណ៍ដដែលនេះ លោក Niam Chiang Meng ប្រធានអាជ្ញាធរ MPA បានថ្លែងថា ខណៈដំណាក់កាលទី១បានបញ្ចប់ ការងារសម្រាប់ដំណាក់កាលទី២ នៃកំពង់ផែដ៏ធំសម្បើមនេះ ក៏កំពុងដំណើរការ ហើយក៏កំពុងត្រៀមផែនការ សម្រាប់ដំណាក់កាលទី៣ផងដែរ៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here