ដោយៈម៉ាលីនណា
ភ្នំពេញៈ ទីភ្នាក់ងារអភិវឌ្ឃន៍អន្តរជាតិនៃប្រទេសជប៉ុន (JICA) បាននិងកំពុងជួយរៀបចំប្រព័ន្ឋទិន្នន័យអេឡិកត្រូនិក កំពង់ផែជិតសម្រេចបាន ១០០%ហើយ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលើការងារនេះ ជាមួយតំណាងស្ថាប័នពាក់ព័ន្ឋ តំណាងកំពង់ផែស្វយ័តភ្នំពេញ តំណាងកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ និងតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រី ជំនាញក្រុមអ្នកបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
អង្គប្រជុំបានផ្តោតការពិភាក្សាជាសំខាន់ លើវឌ្ឍនភាពការងាររួមទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធ ដោយមានការចូលរួមធ្វើបទបង្ហាញ ពីសំណាក់អ្នកជំនាញរបស់ក្រុមហ៊ុនអនុវត្តគម្រោង Kyowa Corporation ការពិនិត្យលទ្ធភាពដោះស្រាយបញ្ហា នៃការផ្គត់ផ្គង់អគ្គិសនីឱ្យមានស្ថិរភាព ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍប្រព័ន្ធ ការបណ្ដុះបណ្ដាលពីក្រុមជំនាញការ JICA ដោយផ្ទាល់អំពីការប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យអេឡិចត្រូនិកនៅ
កំពង់ផែ (Port EDI) នៅកំពង់ផែក្រុងព្រះសីហនុ ដែលគ្រោងនឹងធ្វើឡើងនៅមករា ឆ្នាំ២០២២ខាងមុខ និងការត្រៀមរៀបចំទីកន្លែង សម្ភារៈបរិក្ខារ ក៏ដូចជាសេវាអ៊ីនធើរណេត ដើម្បីឱ្យក្រុមជំនាញការ JICA ដើម្បីធ្វើតេស្តសាកល្បងប្រព័ន្ធ នៅនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
ឆ្លើយតបចំពោះការលើកឡើង របស់ក្រុមជំនាញការ JICA ទាក់ទងនឹងការផ្គត់ផ្គង់ចរន្តអគ្គិសនីសម្រាប់ ដំណើរការតេស្តសាកល្បង លោករស់ វណ្ណាបានមានប្រសាសន៍ថា ក្រុម ការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង កំពុងរៀបចំសំណើដាក់ជូនថ្នាក់ដឹកនាំក្រសួងសុំគោលការណ៍ឯកភាព លើការផ្គត់ផ្គង់អគ្គិសនី ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនី ឱ្យមានដំណើរការរលូន និង ប្រកបដោយប្រសិទ្ធភាព។
គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វឌ្ឍនភាពការងារអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ជិតសម្រេចបាន១០០%ហើយ នៅសេសសល់តែការងារបច្ចេកទេសមួយចំនួនតូចប៉ុណ្ណោះ។
គណៈកម្មការអន្តរក្រសួង សហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ បាននិងកំពុងអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) នេះឡើង ដើម្បីជួយសម្រួលដល់ការធ្វើបែបបទនាវាចរណ៍ ចូល-ចេញឆ្លងកាត់មានភាពងាយស្រួល ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព ដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែប្រសើរឡើង៕