តើអ្វីជាបញ្ហាប្រឈមដែលផ្នែកឯកជនលើកឡើងដើម្បីស្វែងរកដំណោះស្រាយជាមួយអគ្គនាយកដ្ឋានគយ

ដោយៈម៉ាលីនណា

ភ្នំពេញៈ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មបានលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមជាច្រើន ដើម្បីឲ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករដោះស្រាយ។

កិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន បានរៀបចំឡើងតាមរបៀបពាក់កណ្តាល ជាកិច្ចប្រជុំទល់មុខគ្នា និងតាមប្រព័ន្ធវីដេអូ Zoom សហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលមានវត្តមានលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំដ៏សំខាន់នេះ បានពិភាក្សាគ្នាលើសំណូមពរ និងបញ្ហាចំនួន១២ ដែលលើកឡើង ដោយផ្នែកឯកជនពាក់ព័ន្ធនីតិវិធីគយ រួមមាន ការបញ្ចុះកម្រៃបែបបទគយ (CustomsProcessing Fee) លើប្រតិវេទន៍ដែលមានតម្លៃទាប ការកាត់បន្ថយចំណាយលើការត្រួតពិនិត្យទំនិញក្រៅម៉ោងធ្វើការ, ការកើនឡើងនូវថ្លៃដឹកជញ្ជូនទំនិញ នាំចេញ ដោយសារកង្វះទូកុងតឺន័រក្នុងបរិបទកូវីដ១៩ ការកាត់បន្ថយការត្រួតពិនិត្យទំនិញនាំចេញដល់ទីតាំងក្រុមហ៊ុន ការជំរុញការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងប្រព័ន្ធ e-Payment ការលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធទំនិញ។

ការតភ្ជាប់ប្រព័ន្ធដោះដូរ ទិន្នន័យនិវេទនប័ណ្ណរបស់ក្រុមហ៊ុនដឹកជញ្ជូ នជាមួយប្រព័ន្ធអាស៊ីគូដា ការអនុវត្តនីតិវិធី និងប្រព័ន្ធធ្វើបែបបទគយ មុនពេលទំនិញមកដល់ (Pre-Arrival Processing) និងការផ្តល់ប្រព្រឹត្តិកម្មលើកទឹកចិត្ត ចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដែលមានអនុលោមភាពខ្ពស់ជាដើម។

លោក គុណ ញឹម លើកឡើងថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ជាវេទិកាសម្រាប់ផ្នែកឯកជន អាចស្វែងរកដំណោះស្រាយ ចំពោះបញ្ហា និងសំណូមពរនានាពាក់ព័ន្ធនីតិវិធីគយ សំដៅលើកកម្ពស់បន្ថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម និងអនុលោមភាពច្បាប់ ពិសេសក្នុងបរិបទនៃការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្មអន្តរជាតិក្រោ​យវិបត្តិកូវីដ-១៩។

អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជនគឺ ជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយ នូវរាល់បញ្ហានានាដោយឈរ លើគោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here