ដោយៈសុផារី
ភ្នំពេញៈ លុយគ្រីបតូ Cryptocurrency គឺជាលុយឌីជីថល បង្កើតឡើងដើម្បីទូទាត់រវាងអ្នកមានកាក់គ្រីបតូ ទៅបុគ្គលម្នាក់ទៀត ដោយមិនឆ្លងកាត់ធនាគារ ហើយត្រូវបានកត់ត្រាក្នុងកំណត់ហេតុដោយទិន្នន័យកុំព្យូទ័រលក្ខណៈ Cryptography យ៉ាងរឹងមាំ ដើម្បីសុវត្ថិភាពកំណត់ត្រាប្រតិបត្តិការ ដើម្បីគ្រប់គ្រងការបង្កើតកាក់ថ្មី និងដើម្បីបញ្ជាក់ប្រតិបត្តិការផ្ទេរកាក់របស់ម្ចាស់កាក់។
វាមិនត្រូវបានផលិតឡើង ក្នុងទំរង់ជាក្រដាសប្រាក់ទេ ហើយក៏មិនត្រូវបានគ្រប់គ្រងដោយធនាគារកណ្តាលដែរ។
១. Bitcoin (BTC)
Bitcoin គឺជារូបិយប័ណ្ណឌីជីថល ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយជនមិនស្គាល់អត្ថសញ្ញាណច្បាស់ម្នាក់ មានឈ្នោះថា Satoshi Nakamoto។ ដំណើរការនៃរូបិយប័ណ្ណមួយនេះ គឺមិនត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលឡើយ។ ផ្ទុយទៅវិញវាត្រូវបានដាក់ឲ្យដំណើរការក្នុងប្រព័ន្ធបច្ចេកវិទ្យា Blockchain ដោយរាល់ការកត់ត្រាប្រាក់ទាំងអស់ គឺត្រូវបានដាក់ចូលនៅក្នុងសៀភៅបញ្ជីសាធារណៈ (public ledger) ដែលមានតម្លាភាពមួយ ហើយមនុស្សគ្រប់គ្នាអាចចូលពិនិត្យបាន។
២. Ethereum (ETH)
Ethereum ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយលោក Vitalik Buterin ដែលជា Co-founder របស់Bitcoin Magazine។ ស្រដៀងគ្នាជាមួយBitcoin ដែរ Ethereum គឺរត់ដំណើរការក្នុងប្រព័ន្ធបច្ចេកវិទ្យា Blockchain ប៉ុន្ដែខុសគ្នាត្រង់ថា វាមិនមែនបង្កើតឡើង សម្រាប់ប្រតិបត្តិការរូបិយប័ណ្ណទេ គោលបំណងសំខាន់របស់វា គឺដើម្បីបើកឱ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញអាចបង្កើតផ្សព្វផ្សាយ រកប្រាក់ និងប្រើប្រាស់កម្មវិធីផ្សេង (ហៅថា “dApps”) ដោយខ្លួនឯងបាន ដោយមិនមានអាជ្ញាធរកណ្តាលគ្រប់គ្រង់តែប៉ុណ្ណោះ។
៣. Cardano (ADA)
Cardano បង្កើតក្នុងឆ្នាំ ២០១៣ ដោយលោក Charles Hoskinson ដែលជាអតីតសមាជិកទាំងប្រាំដែលបង្កើត Ethereum? Cardono គឺជា Blockchain ចំណែកឯ ADA គឺជារូបិយប័ណ្ណឌីជីថលសម្រាប់ជួញដូរក្នុង Blockchain នោះ។ Cardano (ADA) និង Ethereum គឺមានភាពស្រដៀងគ្នា។
៤. Binance Coin (BNB)
Binance គឺជា Platform សម្រាប់ជួញដូររូបិយប័ណ្ណមួយដ៏ធំ ក្នុងពិភពលោក ហើយកាក់របស់វា ដែលកំពុងរត់ដំណើរការមានឈ្មោះថា BNB។ ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០១៧ Binance Coin បានពង្រីកខ្លួនពីការ ដែលគ្រាន់តែជួយសម្រួលដល់ប្រតិបត្តិការជួញដូរក្នុង Platform ឥឡូវនេះវាអាចប្រើសម្រាប់ Trading ការទូទាត់ ឬសូម្បីតែសម្រាប់កក់ការធ្វើដំណើរផ្សេងៗ។
៥. Tether (USDT)
Tether គឺជាប្រភេទកាក់តែមានតម្លៃថេរ (Stable Coin) ដោយក្នុងមួយកាក់មានតម្លៃ ១ ដុល្លារ។ ជាទូទៅ តម្លៃនៃកាក់ប្រភេទនេះ គឺស្មើគ្នានឹងតម្លៃទ្រព្យសកម្មណាមួយ ដូចជាមាស ប្រាក់ ក្រឹត្យនៃរូបិយប័ណ្ណជាដើម ហើយក្នុងករណី Tether តម្លៃរបស់វាគឺស្មើនឹងដុល្លារអាមេរិក។ តម្លៃនៃកាក់ប្រភេទនេះ គឺមិនធ្លាក់ចុះឡើងដូចរូបិយប័ណ្ណឌីជីថលផ្សេងៗទេ។
៦. Solana (SOL)៖Solana គឺជា Platform ថ្មីដែលទើបបង្កើតឡើងក្នុងខែមីនា កាលពីឆ្នាំ២០២០។ វាត្រូវបានគេស្គាល់ថាជា Platform ដែលមានប្រតិបត្តិការរហ័ស ហើយកាក់ដែលរត់ដំណើរការក្នុង Blockchain មានឈ្មោះថា SOL។
៧. XRP (XRP)
រូបិយប័ណ្ណឌីជីថលនេះដំបូងឡើយ ត្រូវបានគេស្គាល់ថាជា Ripple បង្កើតឡើងក្នុងឆ្នាំ ២០១២ តែក្រោយមកក៏ប្ដូរឈ្មោះទៅជា XRP។ XRP ផ្ដល់ឲ្យអ្នកប្រើប្រាស់នូវវិធីទូទាត់ច្រើនរបៀប ក្នុងដំណើរការប្រតិបត្តិការ ដោយក្នុងនោះមានទាំងរូបិប័ណ្ណវត្ថុ និងប្រភេទរូបិយប័ណ្ណឌីជីថលផ្សេងៗ។
៨. Dogecoin (DOGE)
ដើមកំណើតរបស់ Dongecion ផ្ដើមឡើងជារឿងកំប្លែង ដែលគេនិយាយតៗគ្នាប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាក៏ក្លាយខ្លួន ទៅជាប្រភេទរូបិយប័ណ្ណឌីជីថលមួយ។ និមិត្តសញ្ញារបស់ Dogecoin ត្រូវបានច្នៃចេញពី Meme ក្នុងអ៊ីនធឺណេត ដែលជារូបឆ្កែស៊ីបា ហើយកាក់ប្រភេទនេះខុសគ្នា ពីប្រភេទផ្សេងៗដូចជា Bitcoin ត្រង់ថាវាគ្មានចំនួនកំណត់កាក់ទេ។ វាអាចប្រើប្រាស់បានសម្រាប់ការទូទាត់ និងការផ្ញើប្រាក់។
៩. Polkadot (DOT)
Polkadot ក៏ជាប្រភេទគ្រីបតូថ្មីមួយដែរ វាបង្កើតក្នុងខែឧសភា ឆ្នាំ២០២០។ វាគឺជារូបិយប័ណ្ណឌីជីថល ដែលមានភ្ជាប់បច្ចេកវិទ្យា Blockchain ជាមួយរូបិយប័ណ្ណដទៃទៀត។ Co-founder នៃ Ethereum គឺជាម្នាក់ក្នុងចំណោមអ្នកបង្កើត Polkadot ហើយមនុស្សមួយចំនួន ដែលជាអ្នកគាំទ្រឧស្សាហកម្មផ្នែកនេះជឿថា មិនយូរមិនឆាប់ទេ Polkadot អាចនឹងដណ្ដើមតំណែងរបស់ Ethereum ។
១០. USD (USDC)
ស្រដៀងគ្នានឹង Tether ដែរ USD Coin គឺជាប្រភេទកាក់ដែលមានតម្លៃថេរ ហើយវាដំណើរលើ blockchain របស់Ethereum និងមួយចំនួនទៀត។ គោលបំណងមួយដែលគេបង្កើតឲ្យមានកាក់តម្លៃថេរដូច USDC គឺដើម្បីជួយសម្រួលដល់ប្រតិបត្តិការឲ្យមានភាពឆាប់រហ័ស និងធូរថ្លៃ៕