ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកម៉ាទីន វ៉ាវរ៉ា បានបញ្ជាក់ថាលោកនឹងជំរុញឱ្យវិនិយោគិនរបស់ខ្លួន ដែលកំពុងបណ្ដាក់ទុនវិនិយោគនៅប្រទេសជិតខាងកម្ពុជា ដូចជាវៀតណាម និងថៃជាដើម ចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគនៅតាមវិស័យនានាដែលជាជំនាញរបស់ពួកគេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាជាតិកម្ពុជា ក្រោយជំនួបរវាងឯកអគ្គរដ្ឋទូតឆែក និងសម្ដេចហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា២០២១នេះ។
លោកម៉ាទីន វ៉ាវរ៉ា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក បានឱ្យដឹងថា ក្រុមហ៊ុនរបស់ឆែកបានកំពុងវិនិយោគនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាម ដូច្នេះលោកនឹងសិក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទំាងពីរឱ្យកាន់តែមានទំហំធំឡើង។
លោកបានលើកឡើងថា ឆែកបានផ្តល់ជំនួយទ្វេភាគីមកកម្ពុជាជាច្រើននៅក្នុងវិស័យសុខាភិបាល និងអប់រំជាក់ស្ដែងកាលពីពេលថ្មីនេះជំនួយឧបករណ៍បរិក្ខារពេទ្យជាច្រើនបានផ្តល់ជូនមន្ទីរពេទ្យខេត្តតាកែវ ហើយឆែកនៅបន្តផ្តល់ជំនួយមនុស្សធម៌មកកម្ពុជាបន្តបន្ទាប់ទៀត ពិសេសអាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅសាធារណរដ្ឋឆែក។
សម្តេចហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា បានមានប្រសាសន៍ផងដែរថា ប្រទេសទំាងពីរ កម្ពុជា និងឆែក បានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ ហើយប្រជាជាតិទាំងពីរ ទទួលបានផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជារៀងរហូតមក។ នៅក្នុងដំណាក់កាលជាបន្តបន្ទាប់ ឆែកបានរួមចំណែកអភិវឌ្ឍកម្ពុជាយ៉ាងច្រើន គឺតាំងពីអតីតឆេកូស្លូវ៉ាគី រហូតដល់បច្ចុប្បន្ន។
សម្តេចបានមានប្រសាសន៍បញ្ជាក់ថា ប្រជាជនកម្ពុជាសុទ្ធតែបានដឹងថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសិក្សារៀនសូត្រនៅសាធារណរដ្ឋឆែក ដែលមានប្រព័ន្ធអប់រំល្អប្រកបដោយគុណភាពខ្ពស់ តំាងពីសម័យមុនមកម្លេះ។ សម្តេចប្រធានរដ្ឋសភាមានជំនឿថា បេសកកម្មការទូតថ្មីរបស់លោកនៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទំាងពីរ ដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕