ដោយ៖ សុផារី
ភ្នំពេញ៖ តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃរបស់ទីផ្សារទាំងពីរមានប្រមាណ៧០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១។ នេះបើតាមទិន្នន័យរបស់ផ្សារមូលបត្រកម្ពុជាចុះផ្សាយ ក្នុងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដែលផ្សារមូលបត្រកម្ពុជា (ផ.ម.ក) និងផ្សារមូលបត្រសៀងហៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។
ការចុះហត្ថលេខានេះធ្វើឡើងក្រោម អតិបតីភាពរបស់លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ផ.ម.ក និងលោក ឆៃ ជានឈុន ប្រធាននាយកនៃផ្សារមូលបត្រសៀងហៃ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសហ ប្រតិបត្តិការសំខាន់ៗមួយចំនួនរួមមាន ការចែករំលែកព័ត៌មានទៅវិញទៅមក ការសិក្សាស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរបុគ្គលិក និង ការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗ ជាដើម។
ផ្សារមូលបត្រសៀងហៃ ជាផ្សារមូលបត្រមួយដ៍ធំក្នុងចំណោមផ្សារមូលបត្រធំៗនៅលើពិភពលោក ដោយផ្អែកលើទំហំមូលធនូបនីយកម្មសរុបរបស់ទីផ្សារ។ ទីផ្សារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ហើយមក ទល់នឹងពេលបច្ចុប្បន្ន ផ្សារមូលបត្រសៀងហៃមានផលិតផលហិរញ្ញវត្ថុជាច្រើនដូចជា ភាគហ៊ុន បណ្ណបំណុល មូលនិធិ និងឧបករណ៍និស្សន្ន។ ទីផ្សារមូលបត្រកម្មសិទ្ធិរបស់សៀងហៃ ត្រូវបានបែងចែកជា ទីផ្សារគោល និង ទីផ្សារស្តារ (STAR Market) ដោយទីផ្សារទាំង២ មានចំនួនក្រុមហ៊ុនចុះបញ្ជីបូកបញ្ចូលគ្នាសរុបជាង ២.០០០ ក្រុមហ៊ុន គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជាបានចុះអនុស្សរណះនៃការយោគយល់គ្នា ជាមួយស្ថាប័នក្នុងស្រុក និងក្រៅស្រុកជាង១០ស្ថាប័ន។ កិច្ចសហប្រតិបត្តិការទាំងនោះផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយ និងអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសជាគូភាគី ការលើកកម្ពស់ការយល់ដឹងរបស់វិនិយោគិនខ្មែរ និង បរទេស លើទីផ្សារមូលបត្រកម្ពុជា និងកិច្ចសហប្រតិបត្តិការសំខាន់ៗដទៃជាច្រើនទៀត។
កន្លងមក ក្នុងខែមិថុនា ឆ្នាំ២០១៩ និយ័តករមូលបត្រកម្ពុជា និង គណៈកម្មការមូលបត្រចិន បានចុះហត្ថលេខាលើ អនុស្សរណះនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យលើផលិតផលមូលបត្រ និង កិច្ចសន្យាអនាគត។ នាខែតុលាក្នុងឆ្នាំដដែល លោកប្រតិភូ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានចូលរួមក្នុង កម្មវិធីសិក្ខាសាលាអន្តរជាតិសម្រាប់ទីផ្សារភាគហ៊ុន ប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល អន្តរជាតិសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទីផ្សារភាគហ៊ុនរបស់សៀងហៃ៕








