ដោយ វឌ្ឈនៈ
ភ្នំពេញៈ ការបង្កើតឱ្យមានពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺក្នុងគោលបំណងក្នុងការទប់ស្កាត់គ្រប់រូបភាព លើទិញដីទុករងចាំដីឡើងថ្លៃ ហើយលក់ក្នុងតម្លៃលើសនិងជំរុញការប្រើប្រាស់ដីធ្លី នៅក្នុងប្រទេសឱ្យសមស្របទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ប្រធានការិយាល័យពន្ធអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ឋដា លោករស់ សារ៉ាក់ បានឱ្យដឹងនៅក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ស្តីពីពលើដីធ្លីមិនបានប្រើប្រាស់កាលពីពេល ថ្មីៗនេះឱ្យដឹងថា ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់នេះ គឺមានវិសាលភាពនូវទូទាំងប្រទេស ដែលស្ថិតនៅក្នុងខេត្តក្រុង និងរាជធានី ពាក់ព័ន្ធនឹងដីដែលគ្មានសំណង់។
លោកបន្តថា “នៅពេលដែលយើងបោះបង់ដី ដោយមិនបានប្រើប្រាស់ដែលត្រូវបានកំណត់ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ស្របតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ ហើយមិនបានបង់ពន្ធតាមពេលវេលាកំណត់ នឹងត្រូវមានទោសទណ្ឌ និងការផាកពិន័យទៅតាមច្បាប់ពន្ធដាររបស់កម្ពុជា” ។
លោកបន្តថា ពន្ធដីធ្លីលើដីមិនបានប្រើប្រាស់ ត្រូវបង់ដោយកម្មសិទ្ធិករ។ មូលដ្ឋានកំណត់ពន្ធគឺជាថ្លៃដី គិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗ ដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយម៉ែត្រក្រឡាកំណត់ ដោយគណៈកម្មការវាយតម្លៃដី មិនបានប្រើប្រាស់យ៉ាងយឺតបំផុត នៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។
យោងតាមច្បាប់ពន្ធដារកម្ពុជាបង្ហាញថា ពន្ធនេះត្រូវកំណត់តាមអត្រា ២% លើមូលដ្ឋានកំណត់ពន្ធ ដែលបានចែងក្នុងមាត្រា៣។ កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធមានភារកិច្ចត្រូវគណនាប្រាក់ពន្ធ តាមគំរូលិខិតប្រកាសផ្តល់ដោយអង្គការពន្ធ និងត្រូវបង់យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែកញ្ញានៃឆ្នាំនីមួយៗជូនទៅផ្នែកពន្ធ នៅកន្លែងដែលដីធ្លីជាប់ពន្ធស្ថិតនៅ។ ដីធ្លីជាប់ពន្ធ នីមួយៗត្រូវធ្វើលិខិតប្រកាស១ច្បាប់៕