ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្នៈ អ្នកវាយតម្លៃអចលនវត្ថុដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍវិស័យអចលនវត្ថុ

ដោយៈម៉ាលីនណា

ភ្នំពេញ លោកអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានមានប្រសាសន៍ថា អ្នកវាយតម្លៃអចលនវត្ថុ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យអចលនវត្ថុ នៅក្នុងប្រទេស និងក្នុងតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ នៅក្នុងឱកាសបើកសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន (The 23rd ASEAN Valuers Association Congress) ក្រោមប្រធានបទ “ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩” តាមប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ថា សម្រាប់កម្ពុជា ទោះបីជាកំពុងប្រឈមនឹងជំងឺកូវីដ- ១៩ និង បន្តសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មីក្តី, ក៏ប៉ុន្តែវិស័យអចលនវត្ថុក្នុងប្រទេស នៅតែមានសក្តានុពលខ្ពស់ និង មានតម្លៃទាបសមរម្យសម្រាប់ការវិនិយោគ បើប្រៀបធៀបនឹងប្រទេសជិតខាង។

លោកបន្តថា ការរៀបចំសមាជលើកទី២៣នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងតួអង្គសំខាន់ៗ សម្រាប់ផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងទីផ្សារអចលនវត្ថុ និង ស្តង់ដា បច្ចេកទេសនៃការវាយតម្លៃអចលនវត្ថុ ក្នុងតំបន់អាស៊ាន ក្នុងបរិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសចូលរួមចំណែកដល់ការរក្សានិរន្តភាព នៃសកម្ម​ភាពទីផ្សារអចលនវត្ថុ នៅក្នុងតំបន់ ។

លោកបន្តថា ប្រធានបទដែលនឹងត្រូវបានលើកយកមកពិភាក្សានាថ្ងៃនេះ ពិតជាសមស្រប និងមានសារៈសំខាន់ សម្រាប់អង្គសមាជទាំងមូល អាចចែករំលែកបទពិ​សោ​ធន៍ លើការអនុវត្តភារកិច្ច ក្នុងឆ្នាំកន្លងមក ។ ទន្ទឹមនេះ អង្គសមាជក៏គួរពិនិត្យទៅ លើបណ្តាបញ្ហា ប្រឈម និងកាលានុវត្តភាព ដើម្បីរួមគ្នារិះរកនូវវិធានការល្អៗ និង ថ្មីៗ សំដៅកែលម្អ បរិយាកាសផ្តល់សេវាកម្មក្នុងទីផ្សារអចលនវត្ថុ ក្នុងប្រទេសរបស់ខ្លួន និងក្នុង តំបន់ឱ្យកាន់តែប្រសើរថែមទៀត ដែលនេះ គឺជាបុព្វលក្ខខណ្ឌរួមមិនអាចខ្វះបានសម្រាប់ ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ។

ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យអចលនវត្ថុ ប្រកបដោយចីរភាព ស្ថេរភាពប្រសិទ្ធភាព និង ស័ក្ដិសិទ្ធភាព លោកឧបនាយករដ្ឋមន្រ្តី បានស្នើអង្គសមាជពិនិត្យលទ្ធភាពក្នុងការគិតគូរ និង ផ្តល់យោបល់ លើចំណុចសំខាន់ៗមួយចំនួនដូចជា រៀបចំស្តង់ដាអ្នកវាយតម្លៃអចលនវត្ថុរួមមួយ ក្នុងក្របខណ្ឌតំបន់អាស៊ាន;សម្រាប់ប្រទេស ដែលមិនទាន់មានស្តង់ដាវាយតម្លៃអចលនវត្ថុដូចជាកម្ពុជា គួររៀបចំស្តង់ដាវាយតម្លៃអចលនវត្ថុនេះឡើងឱ្យបានឆាប់ ជំរុញលើកកម្ពស់ការងារពង្រឹងសមត្ថភាពវិជ្ជាជីវៈ និង គុណវុឌ្ឍិអ្នកវាយតម្លៃអចលនវត្ថុឱ្យកាន់តែប្រសើរ។

ចំណែកលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន និង ជាប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា សមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងតួអង្គសំខាន់ៗ សម្រាប់ផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធ នឹងទីផ្សារអចលនវត្ថុ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃ អចលនវត្ថុក្នុងតំបន់អាស៊ាន ក្នុងបរិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេស ចូលរួមចំណែកដល់ការរក្សានិរន្តភាពនៃសកម្មភាពទីផ្សារអចលនវត្ថុ នៅក្នុងតំបន់ ។

លោកមានទំនុកចិត្តថា ប្រធានបទនៃការពិភាក្សាថ្ងៃនេះ មានសារៈសំខាន់សម្រាប់សមាជ ដែលកំពុងផ្តល់សេវាកម្មវាយតម្លៃ និងចែករំលែកបទពិសោធន៍កាលពីឆ្នាំមុន។ ជាមួយគ្នានេះ សមាជនឹងវាយតម្លៃលើបញ្ហាប្រឈម និងឱកាសនាពេលបច្ចុប្បន្ន ដើម្បីស្វែងរកវិធានការថ្មីៗ ដើម្បីធ្វើឱ្យល្អប្រសើរក្នុងការផ្តល់សេវាកម្ម ក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសនីមួយៗ និងក្នុងតំបន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here