សម្តេចហេង សំរិនបើកកិច្ចប្រជុំរដ្ឋសភាបន្តសម័យប្រជុំលើកទី៦ និតិកាលទី៦លើរបៀបវារៈចំនួន៧

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដោយមានរបៀបវារចំនួន៧។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របៀបវារៈទំាង៧មានទី១ ការសម្រេចសុពលភាពនៃអាណត្តិរបស់ លោកអ៊ុន ប៊ុន​ហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។ ទី២ ការបោះឆ្នោតជ្រើសតាំង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។ ទី៣ ការបោះឆ្នោត ជ្រើសតាំងលោក ឈាង វុន ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

របៀបវារៈទី៤ ការបោះឆ្នោតទុកចិត្ត លោកជំទាវ សោម គីមសួគ៌ ជាអគ្គសវនករ ឯកឧត្តម សួន សិទ្ធី ជាអគ្គសវនកររង លោកអ៊ុក សារាវុធ ជាអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ សម្រាប់បន្តអាណត្តិថ្មី៥ឆ្នាំ។

ចំណែករបៀបវារៈ៣ទៀតមាន ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពី ការពង្រឹងយន្តការដោះស្រាយវិវាទ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីសេចក្តីព្រាងច្បាប់នេះ នូវការអនុវត្តនីតិវិធីពិសេស សម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតូច នៅពេលដោះស្រាយវិវាទ ដែលកើតឡើងរវាងព្រះរាជាណាចក្រកម្ពុជានិង រដ្ឋសមាជិកផ្សេងទៀតក្នុងក្របខណ្ឌអាស៊ាន។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ បានបង្ហាញពីការចូលរួមចំណែ​កដ៍សំខាន់របស់កម្ពុជា ក្នុងការពង្រឹងយន្តការដោះស្រាយវិវាទ ក្នុងក្របខណ្ឌអាស៊ាន ផងដែរ។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២វិញ ជាសេចក្តីព្រាងច្បាប់មួយ ដែលនឹងផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល នៅក្នុងការដំណើរការអភិវឌ្ឍប្រទេសជាតិបន្តទៀត ពិសេសការស្តារកិច្ចសង្គម សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាដើម្បីសម្រេចឲ្យខាងតែបាននូវ អាទិភាពគោលនយោបាយសំខាន់ៗជាសារវ័ន្ត នៃកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ពិសេសការជំរុញល្បឿននៃការអនុវត្តកិច្ចការកែទម្រង់គ្រប់វិស័យរបស់រាជរដ្ឋានីតិកាលទី៦ នៃរដ្ឋសភា។

សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ជាឧបករណ៍គោលនយោបាយ ដ៏មានប្រសិទ្ធភាពដែលបានជួយរាជរដ្ឋាភិបាលឲ្យសម្រេចបាននូវគោលដៅ ជាយុទ្ធសាស្រ្តរបស់ជាតិពិសេស គឺអាចឆ្លើយតបប្រកប​ដោយប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈមនិងហានិភ័យនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here