ដោយៈជេស៊ីកា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា តាមរយៈវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (AEEBF1) ប្រទេសទាំងអស់រួមទាំងកម្ពុជាផងនោះ នឹងទទួលបាននូវបទពិសោធន៍និងចំណេះដឹង ដែលលេចឡើងពីការចែករំលែក ក៏ដូចជាផ្ដល់ជាធាតុចូលដ៏ចាំបាច់ សម្រាប់ដំណើរការអភិវឌ្ឍតំបន់ និងសកលក្នុងប្រក្រតីភាពថ្មី។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសបិទបិទវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី លើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់-តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១កន្លងមកនេះ។
លោកបានបន្តថា “បដិវត្តន៍ឧស្សាហកម្មទី៤ គឺជាកត្តាលីករយ៉ាងសំខាន់ ក្នុងការរួមចំណែកបង្កើតក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនប្រកបដោយចីរភាព”។លោកបន្តថា “វាក៏បាននិងកំពុងជួយជំរុញផលិតភាព និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូតូច និងមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាប្រភពសម្រាប់ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល ព្រមទាំងសម្រាប់ការលើកកម្ពស់សហគ្រិនភាព ក្នុងចំណោមស្រ្តី និងយុវជន”។
លោកអូន ព័ន្ឋមុនីរ័ត្នបានលើកឡើងថា ផ្អែកលើស្មារតីនៃការមូលមតិរបស់វេទិកា ដើម្បីសម្រេចបាននូវការស្ដារ និងជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ ត្រូវការជាចាំបាច់នូវការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ី-អ៊ឺរ៉ុបឱ្យកាន់តែពេញលេញ និងស៊ីជម្រៅបន្ថែមទៀត។
ជាពិសេសដោយផ្តោតលើកិច្ចការជាអាទិភាពមួយចំនួន រួមមានទី១ ការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រ និងផែនការស្តារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់ ទី២ ការ-ធ្វើឌីជីថលូបនីយកម្មសេដ្ឋកិច្ច-សង្គម ទី៣ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ទី៤ការអភិវឌ្ឍធនធានមនុស្ស និងទី៥ ការដោះស្រាយបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។ល។
លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា លើមូលដ្ឋាននេះ បណ្ដាប្រទេសជាសមាជិកអាសិមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីនៃការបើកចំហ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី សម្រាប់កិច្ចសហការអភិវឌ្ឍន៍របស់យើង ដើម្បីលើកកម្ពស់ភាពទាក់ទាញ និងភាពអំណោយផល នៃបរិយាកាសសម្រាប់សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ សំដៅឆ្លើយតបទៅនឹងនិន្នាការនៃការផ្លាស់ប្តូរ នៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្មសកល។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា បដិវត្តន៍ឧស្សាហកម្ម៤.០នៅកម្ពុជា នឹងជួយដល់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្ម ដែលនឹងផ្តល់កាលានុវត្តភាពសេដ្ឋកិច្ចខ្ពស់ និងការលើកកម្ពស់សហគ្រាសមីក្រូធុនតូច និងមធ្យម ដែលនឹងទទួលបានឱកាស ក្នុងការបង្កើនផលិតភាព ផលិតកម្ម និងប្រសិទ្ធភាពពីបច្ចេកវិទ្យាថ្មី ដូចជា៖ ឧបករណ៍កំណត់សញ្ញា និងប្រព័ន្ធវិភាគទិន្នន័យធំ ដែលធ្វើឱ្យដំណើរការផលិតកម្ម សន្សំបានពេលវេលា និងធនធាន-ល-។
លោកបានបញ្ជាក់ទៀតថា ថ្វីត្បិតតែចាប់ពីដើមឆ្នាំ២០២០ កម្ពុជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ១៩ក៏ដោយ ក៏សេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តកើនឡើង២.៤% នៅក្នុងឆ្នាំ២០២១ និង៤.៨% នៅឆ្នាំ២០២២ យោងតាមរបាយការណ៍ការព្យាករណ៍របស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលនៃការធ្លាក់ចុះសេដ្ឋកិច្ច បណ្តាលមកពីការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលបានវិនិយោគច្រើនជាង១ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ធុរកិច្ចដែលរងផលប៉ះពាល់ និងបានចាត់វិធានការពិសេស ក្នុងការពង្រឹងសំណាញ់សុវត្ថិភាពសង្គម ដើម្បីទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋសាមញ្ញ ធ្លាក់ចូលទៅក្នុងភាពក្រីក្រ៕