សម្ដេចតេជោរំពឹងថាសេដ្ឋកិច្ចអាស៊ីអឺរ៉ុបនឹងងើបឡើងវិញក្រោយវិបត្តិកូវីដ១៩ស្រាកស្រាន្ត

ដោយៈ លក្ខិណា

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យដឹងថា ជាទិសដៅទៅមុខ ខណៈវិបត្តិជំងឺកូវីដ១៩ ត្រូវបានរំពឹងថានឹងស្រាកស្រាន្ត នាពេលឆាប់ៗខាងមុខនេះ ការជំរុញប្រក្រតីភាពនៃរំហូរពាណិជ្ជកម្ម ធុរកិច្ចនិងវិននិយោគឱ្យស្របទៅនឹងការផ្លាស់ប្តូរថ្មី ជាសកលគឺជាការងារសំខាន់ និងបន្ទាន់ ដើម្បីស្ដារនិងជំរុញការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចអាស៊ី អឺរ៉ុបឡើងវិញ។

សម្ដេចបានថ្លែងនៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី អឺរ៉ុប លើកទី១ ក្រោមមូលបទ ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃសកលពហុភាគីនិយមនិងបដិវត្តន៍ឧស្សាហកម្មទី៤ នាព្រឹកថ្ងៃទី២៤ វិច្ឆិកានេះថា ទោះជាយ៉ាងនេះក្ដី ពិភពលោកនៅតែប្រឈមនឹងបញ្ហាស្មុគស្មាញផ្សេងៗទៀត ដែលរួមមាន១. ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និងច្រវាក់ផលិតកម្មសកល ២. ការលេចឡើងកាន់តែច្បាស់នូវប្រព័ន្ធពហុប៉ូល និងភាពតានតឹងភូមិសាស្ត្រនយោបាយ ៣. ការធ្លាក់ចុះផលិតភាពសកល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៤. ការកើនឡើងនៃវិសមភាពសង្គម និងភាពក្រីក្រ ៥. ចរន្តកាន់តែខ្លាំងនិងលឿននៃការផ្លាស់ប្តូរ ទីតាំងរោងចក្រផលិតកម្ម ដែលបង្កឡើងដោយសារឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និង៦. ការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម ។

សម្ដេចតេជោបន្ថែមថា ដូចយើងទាំងអស់គ្នាបានឃើញច្បាស់ហើយថា កិច្ចសហប្រតិបត្តិការអាស៊ីអឺរ៉ុប បានចូលរួមយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍ ។

ជាមួយគ្នានេះដែរ កិច្ចសហប្រតិបត្តិការនេះ នៅមានសក្ដានុពលជាច្រើនទៀត ដែលយើងត្រូវចាប់យកដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចអាស៊ី អឺរ៉ុប ។ ជាក់ស្ដែង ទំហំសេដ្ឋកិច្ចអាស៊ីអឺរ៉ុប មានចំណែកប្រមាណ៦៥ភាគរយ នៃសេដ្ឋកិច្ចសកល ខណៈដែលទំហំពាណិជ្ជកម្មមានប្រមាណជាង៥៥ភាគរយនៃពាណិជ្ជកម្មសកល ។

ក្រោយការបើកប្រទេសឡើងវិញ ប្រមាណជិត១ខែតែប៉ុណ្ណោះ សកម្មភាពសេដ្ឋកិច្ចអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហាក់មានកំណើនឡើងខ្ពស់ ដែលធ្វើឱ្យវិស័យជាច្រើនទៀត ចាប់ផ្ដើមកម្រើកឡើងវិញជាបន្តបន្ទាប់ ហើយប្រមុខរាជរដ្ឋាភិបាលក៏មានក្ដីរំពឹងថានឹងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា កើនលើសពីការព្យាករណ៍កាលពីពេលថ្មីនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here