ដោយៈគង់ ម៉ាលីនណា
កំពតៈ ប្រធានសមាគមលើកស្ទួយម្រេចកំពតលោកងួន ឡាយបានលើកឡើងថា ជារៀងរាល់ឆ្នាំការធ្វើពាណិជ្ជកម្មម្រេចកំពត សម្រាប់ប្រទេសខាងប៉ែកអឺរ៉ុប នៅតែរក្សាបានយ៉ាងល្អក្នុងការផ្គត់ផ្គង់និងនាំចេញ ប៉ុន្តែសម្រាប់ទីផ្សារប្រទេសចិនឯណោះវិញមិនមានទេ ដោយសារតម្លៃខ្ពស់ខុសពីម្រេចខេត្តដទៃ។
មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះ លោក ងួន ឡាយ បានឲ្យដឹងទៀតថា សម្រាប់ប្រទេសចិន ភាគច្រើនមានសម្រាប់តែទីផ្សារម្រេចខ្មែរ និងម្រេចកម្ពុជាប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទីផ្សារម្រេចកំពត បន្ទាប់ពីលោកបានជួបក្រុមហ៊ុនជាច្រើន ដើម្បីសិក្សានាំចេញ គឺមិនមានទេ ពីព្រោះពួកគាត់មិនហ៊ានទទួល ដោយសារម្រេចកំពតមានតម្លៃថ្លៃ ដែលខុសពីម្រេចមកពីខេត្តដទៃ ដូចជា មេមត់ រតនគិរី មណ្ឌលគិរី…ដែលមានតម្លៃត្រឹមជាង២ ៣ដុល្លារ ឬ៤ដុល្លារ ក្នុង១គីឡូ ប៉ុន្តែសម្រាប់ម្រេចកំពត គ្រាន់តែម្រេចខ្មៅតម្លៃ១៥ដុល្លារ ក្នុង១គីឡូក្រាមរួចទៅហើយ។
លោកបន្តថា “ម្រេចកំពតដែលនាំចេញទៅចិន បើសម្រាប់ជាបញ្ជើរ(ផ្ញើរ)មានប្រមាណ៤ទៅ១០គីឡូ តែបើសម្រាប់ធ្វើពាណិជ្ជកម្ម គឺមិនមានទេ ដោយសារតម្លៃថ្លៃ។ ទីផ្សារដែលយើងធ្វើបានកន្លងមក មានតែទៅខាងប៉ែកអឺរ៉ុប អង់គ្លេស អាល្លឺម៉ង់ អាម៉េរិក ហុងកុង តៃវ៉ាន់ ជប៉ុន…ដែលយើងធ្វើការនាំចេញ ហើយបច្ចុប្បន្នកំពុងសិក្សាបន្ថែមទៀតជាមួយអ៊ុយក្រែន ដែលជាលើកដំបូងគេត្រូវការប្រមាណ៥០ ទៅ៦០ឬ១០០គីឡូសិន”។
លោកងួន ឡាយបានអះអាងថា នៅក្នុងបរិបទកូវីដ១៩ ម្រេចកំពតនៅតែមានទីផ្សារល្អដដែរ ដោយសារម្រេចកំពតនៅតែរក្សាបាននូវគុណភាពល្អ ហើយមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ លោកឲ្យបានដឹងថា ទាក់ទិននឹងគោលនយោបាយរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ជាពិសេសរាល់អ្វីដែលជាកិច្ចសន្យា និងគ្រប់ផលិតផលនាំចេញរវាងប្រទេសទាំងពីរ គឺលោកស្វាគមន៍ រីករាយ និងគាំទ្រលើទស្សនវិស័យជានិច្ច ពិសេសទៅលើការធ្វើអនាម័យ និងភូតគាមអនាម័យ ដើម្បីរៀបចំផលិតផលនាំចេញទៅចិន។
តម្លៃម្រេចកំពតរក្សានៅដដែល ក្នុងនោះម្រេចខ្មៅ១៥ដុល្លារក្នុង១គីឡូក្រាម ម្រេចក្រហមតម្លៃ២៥ដុល្លារក្នុង១គីឡូ ម្រេចសតម្លៃ២៨ដុល្លារក្នុង១គីឡូក្រាម និងម្រេចស្រស់បៃតងតម្លៃ៤ដុល្លារ ក្នុង១គីឡូក្រាម៕