ដោយៈ សុធារី
ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរមួយចំនួន ប្រហែលទើបតែលឺពាក្យខុនដូ (Condo) ឬអាផាតមិន (Apartment) ដែលជាភាសាបរទេស ដែលយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក្នុងយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅពេលដែលមានវត្តមានអគារខ្ពស់ៗជាច្រើនបានរីកដុះដាលនៅក្នុងទីក្រុងភ្នំពេញ។
ប្រជាពលរដ្ឋខ្មែរមួយចំនួន ហាក់មិនទាន់យល់ដឹងងច្បាស់ពីមុខងារ នៃការប្រើប្រាស់ខុនដូ (Condo) ឬអាផាតមិន (Apartment)នេះ នៅឡើយទេ ខណៈសំណង់អាគារស្នាក់នៅ ដែលពេញនិយមបំផុត គឺចែកចេញជាពីរប្រភេទធំៗគឺ ខុនដូ និងអាផាតមិន។ តើសំណង់ទាំងពីរប្រភេទនេះ មានភាពខុសគ្នាដូចម្តេចខ្លះទៅ?
ខាងក្រោមនេះគឺជាចំនុចខុសគ្នាធំៗនៃអាគារទាំងពីរប្រភេទ៖
១.ទំហំអាគារ ជាទូទៅខុនដូច្រើន តែមានទំហំធំៗជាងអាផាតម៉ិន ព្រោះផ្ទះល្វែងធម្មតាក៏អាចចាត់ទុកជាអាផាតមិនផងដែរ។
២. ភាពជាម្ចាស់កម្មសិទ្ធិ ខុនដូជាសំណង់អាគារធំៗ ដែលបើកលក់ជាបន្ទប់មួយ (Unit) ឲ្យទៅភ្ញៀវដោយភ្ញៀវទាំងនោះ គឺទទួលបានសិទ្ធិជាម្ចាស់ផ្ទះតែម្តង ខណះដែលអាផាតមិន គឺជាបន្ទប់ (Unit) សម្រាប់ជួលទៅអោយភ្ញៀវស្នាក់នៅ ខុនដូជាធម្មតាត្រូវបានគ្រប់គ្រងដោយសមាគមម្ចាស់ផ្ទះ (HOA)។
ប្រភេទឬផ្នែកនីមួយៗ មានម្ចាស់ដាច់ដោយឡែកពីគ្នា។ អ្នកមានជម្រើសក្នុងការទិញខុនដូដូចការទិញផ្ទះដែរ។ រីឯអាផាតមិនវិញអ្នកមិនអាចទិញឯកតានីមួយៗ ដាច់ដោយឡែកពីគ្នាទេបានទេ ហើយជាទូទៅអគារនីមួយៗមានម្ចាស់តែម្នាក់គត់ ដែលភាគច្រើនជាក្រុមហ៊ុនអចលនទ្រព្យ។
៣. តម្លៃ ថ្លៃជួលអាផាតមិនតែងមានភាពឋិតឋេរ ក្នុងកំឡុងពេលអ្នកកំពុងជួល ប៉ុន្តែមានករណីខ្លះ ដែលវាអាចឡើងថ្លៃជាពិសេស នៅពេលដែលជិតដាច់កុងត្រាដែលភាគច្រើនមានសុពលភាព១ឆ្នាំ។ រីឯតម្លៃវិញគឺអាស្រ័យទៅលើអត្រាទីផ្សារនិងចំនួនឯកតា ហើយអាផាតមិនតម្រូវអោយអ្នកបង់ថ្លៃធ្វើក្រដាសស្នាម ធានារ៉ាប់រង សេវាកម្មសន្តិសុខ និងសត្វចិញ្ចឹមជាដើម។ ចំណែកឯខុនដូវិញ តម្លៃគឺសម្រេចដោយម្ចាស់ខុនដូហើយតម្លៃឡើងចុះ អាស្រ័យលើការព្រមព្រៀងរវាងអ្នកនិងម្ចាស់អគារ។
សម្រាប់ខុនដូខ្លះ តម្រូវអោយអ្នកបង់ថ្លៃសេវាកម្មសមាគមម្ចាស់ផ្ទះ (HOA) និងសេវាកម្មផ្សេងៗទៀតរួមមានខ្សែកាប ទឹកភ្លើង អនាម័យ និងចំណតឡានជាដើមដូចអាផាតមិនដែរ។
៤. ច្បាប់ទម្លាប់ ចំពោះអាផាតមិន ការចែងច្បាប់ទម្លាប់គឺចេញដោយក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ ហើយរាល់ឯកតាទាំងអស់សុទ្ធតែមានច្បាប់ដូចៗគ្នា។ ច្បាប់ទាំងអស់នោះតែងរួមមាន អនុវត្តតាមវិធានការ និងគោលការណ៍ណែនាំនៃការជួល បង់ថ្លៃជួលឱ្យទាន់ពេលវេលា មិនបង្កសម្លេងរំខានដល់អ្នកជិតខាង ចោលសំរាមអោយបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់។ល។
ច្បាប់សម្រាប់ខុនដូត្រូវបានរៀបចំដោយ HOA ជាទូទៅវាមានលក្ខណៈស្រដៀងនឹងអាផាតមិនដែរ។ លើសពីនេះទៅទៀត ម្ចាស់អគារនិមួយៗមានសិទ្ធក្នុងការដាក់ច្បាប់បន្ថែមទៀត ដូចនេះអ្នកគួរតែអានកុងត្រា អោយច្បាស់លាស់មុននឹងសម្រេចចិត្តថា ជួលបន្ទប់។
៥. សម្ភារៈបរិក្ខារប្រើប្រាស់ ខុនដូ តែងតែមានបំពាក់គ្រឿងបរិក្ខារ សម្បូរបែបដូចជាអាងហែលទឹក កន្លែងចតឡាន កន្លែងកំសាន្ត ក្លឹបហាត់ប្រាណ បន្ទប់ស្ទីមសោណា ឬភោជនីយដ្ឋានជាដើម។ ផ្ទុយទៅវិញ អាផាតមិនអាចមិនមានគ្រឿងបរិក្ខារទាំងនេះ ឬមានត្រឹមតែតិចតួចនៃពួកវាតែប៉ុណ្ណោះ។ ចំណុចដូចគ្នាភាគច្រើនរួមមាន ចំណតរថយន្ត អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងក្មេងលេង ការិយាល័យកណ្តាល។
សោភ័ណភាពនិងគុណភាពសំណង់អគារក្នុងក្រៅ និងគ្រឿងសង្ហារឹមមានការខុសគ្នាទៅតាមតម្លៃ ទីតាំងនិងគម្រោងប្លង់របស់អគារនោះ។ បន្ទប់របស់អាផាតមិនគឺសុទ្ធតែដូចៗគ្នា រីឯខុនដូវិញអាចមានភាពខុសគ្នាខ្លះ អាស្រ័យលើការតុបតែងរបស់ម្ចាស់ឯកតា។
៦. ការថែទាំ និងជួសជុល
អាផាតមិនភាគច្រើន តែងផ្តល់សេវាកម្មជួសជុលដោយឥតគិតថ្លៃ។ ពេលជួបប្រទះបញ្ហា អ្នកគួរទាក់ទងទៅខាងផ្នែកគ្រប់គ្រងអគារ ដើម្បីអោយពួកគេជួយរកដំណោះស្រាយ។ នោះអ្នកមិនចាំបាច់ចំណាយពេល និងថវិការបន្ថែមដើម្បីរកជាងមកជួលជុល។
សម្រាប់អ្នករស់នៅក្នុងខុនដូវិញ ពេលជួបបញ្ហាអ្នកគឺត្រូវទាក់ទងខាងម្ចាស់ផ្ទះ ឬចាត់ការបញ្ហានេះដោយខ្លួនឯង។ នេះមានន័យថា អ្នកអាចនឹងត្រូវចំណាយថ្លៃជួសជុលបន្ថែមលើថ្លៃសេវាផ្សេងៗទៀត ហើយម្យ៉ាងទៀតម្ចាស់ផ្ទះខ្លះអាចពិបាក ក្នុងការទាក់ទងដូច្នេះបញ្ហារបស់អ្នក មិនអាចដោះស្រាយភ្លាមៗនោះឡើយ។
ដូចនេះ អ្នកត្រូវអានកិច្ចព្រមព្រៀងអោយច្បាស់ថា អ្នកណាជាអ្នកទទួលខុសត្រូវក្នុងការជួសជុលផ្ទះរបស់អ្នកមុននឹងអ្នកសម្រេចចិត្តជួល៕