ផលិតផលកែច្នៃពីផ្លែឈើស្រស់របស់កម្ពុជា កំពុងមានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងស្រុក

ដោយ: ម៉ាលីស

សៀមរាបៈ តាមរយៈរដ្ឋបាលខេត្តសៀមរាប បានអោយដឹងថា ផលិតផលកែឆ្នៃដែលផលិតចេញពីផ្លែឈើស្រស់ របស់ប្រជាកសិករខ្មែរ ចាប់ផ្តើមមានការគាំទ្រពីប្រជាពលរដ្ឋក្នុងស្រុក។

ផល្លានុផលទាំងនោះ មានដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយ ផ្លែម្នាស់ និងផ្លែឈើផ្សេងៗ ជាច្រើនមុខទៀត ត្រូវបានទទួលស្គាល់ និងមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ព្រោះការកែច្នៃផ្លែឈើនេះ ជួយសម្រួលដល់ការកកស្ទះលើទីផ្សាររបស់ប្រជាកសិករ នៅក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ស៊ុ សុវង្ស អគ្គនាយកក្រុមហ៊ុនវេហាស៍ជូស៍ សាខាខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកានេះថា បច្ចុប្បន្នផលិតផលកែច្នៃពីផ្លែឈើស្រស់ ដែលកំពុងមានការគាំទ្រមាន ២ប្រភេទស្មើនឹង៤មុខ ដូចជាដំណាប់ស្រស់ មានផ្លែមៀនច្រកកែវ និងផ្លែម្នាស់ច្រកកែវ ចំណែកដំណាប់គ្រៀម មានដំណាប់មៀន និងដំណាប់ស្វាយជាកញ្ចប់។

ផ្លែឈើដែលកែច្នៃទាំងនោះ ត្រូវបានទទួលប្រមូលទិញ ពីប្រជាកសិករដែលពួកគាត់ធ្វើកសិ​កម្មផ្ទាល់ ដូចជានៅខេត្ដប៉ៃលិន ខេត្ដបាត់ដំបង ខេត្ដបន្ទាយមានជ័យ ជាពិសេសផ្លែតាង៉ែនដែលជាផ្លែឈើខ្វះទីផ្សារក្នុងអំឡុងពេលមានបញ្ហាជំងឺកូវីដ-១៩ កន្លងមក។

លោកបន្ថែមថា ការផលិតកែច្នៃផ្លែឈើនេះ គឺផលិតចេញដោយសហគ្រាស ដែលមានជំនួយពីអង្គការ មានគុណភាព សុវត្តិភាព តាមស្តង់ដា ជាពិសេសមានលក់នៅក្នុងផ្សារទំនើប និងព្រមទាំងមានគម្រោងផ្សារភ្ជាប់ ទៅទីផ្សារក្រៅប្រទេសទៀតផង។ ការកែច្នៃផលិតផលផ្លែឈើនេះ បានធ្វើឱ្យប្រជាកសិករ មានការងារធ្វើ ជាពិសេសផលិតផលផ្លែឈើមានទីផ្សារ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក របស់ប្រជាកសិករ និងជួយរកទីផ្សារដល់ប្រជាកសិករផងដែរ។

ជាមួយគ្នានោះដែរ កញ្ញាសំ ឆៃវ៉ុង តំណាងចែកចាយនៅខេត្ដសៀមាប បានឱ្យដឹងថា ដំណាប់ផ្លែឈើទាំងបួនមុខ របស់ក្រុមហ៊ុនវេហាស៍ជូស៍ មកដល់ថ្ងៃនេះ មានការគាំទ្រច្រើនពីអតិថិជនប្រើប្រាស់នៅក្នុងស្រុក ដូចជា នៅខេត្ដបាត់ដំបង បន្ទាយមានជ័យ ប៉ៃ​លិន សៀមរាប និងឧត្ដរមានជ័យ ទើបធ្វើឱ្យកញ្ញាទទួលផ្ដាច់មុខ លក់បន្ដនៅក្នុងខេត្ដទាំងនោះ។

កញ្ញាបន្ដថា រូបនាងបានទទួលយកផលិតកែច្នៃនេះ ដើម្បីលើកទឹកចិត្ដដល់ផលិ​តផលខ្មែរ ដែលបានខិតខំផលិតជាស្នារដៃរបស់ខ្លួន និងបានចូលរួមជួយរកទីផ្សារផ្លែឈើ ដែលកំពុងខ្វះទីផ្សារបស់ពួកគាត់។ កន្លងមកនេះ ផលិតផលផ្លែឈើហូបផ្លែ ដូចជាផ្លែមៀនប៉ៃលិន ផ្លែមៀន ផ្លែស្វាយ មានការខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស ដោយសារបញ្ញាជំងឺកូវីដ-១៩ ប៉ុន្ដែនៅពេលមានសហគ្រាសផលិតកែច្នៃ ទៅជាដំណាប់ផ្លែឈើវិញនោះ គឺធ្វើឱ្យកសិករមានទឹកចិត្ដ ក្នុងការដាំដំណាំហូបផ្លែទាំងនោះ។

ក្រុមហ៊ុនកែច្នៃផ្លែឈើស្រស់វេហាស៍ជូស៍នេះ បានបង្កើតឡើងនៅឆ្នាំ២០១៩ ដោយបានមូលនិធិ ពី USAID ហើយគម្រោងធ្វើការលើ អ្នកប្រមូលទិញ ជាពិសេសជាមួយ សហគ្រាសខ្នាតតូច និងមធ្យម ធ្វើយ៉ាងណា ពួកគេមានលទ្ធភាព ក្នុងការផលិត និងផ្សារភ្ជាប់ជាមួយទីផ្សារ គម្រោងមានសកម្មភាព ដូចជាបណ្តុះបណ្តាលជំនាញកែឆ្នៃផលិតផល ដែលចេញពីផ្លែឈើស្រស់ដល់កសិករ ដូចជា មៀនប៉ៃលិន ស្វាយ ម្នាស់ និងផ្លែឈើផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here