ដោយម៉ាលីស
ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ខ្សែបន្ទាត់ភាពក្រីក្រថ្មី ដោយប្រើប្រាស់ទិន្នន័យ ពីការអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជាឆ្នាំ២០១៩-២០២០។ ផ្អែកលើមូលដ្ឋាន ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ សម្រាប់កម្ពុជាមានចំនួន ១០៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ។
តែក្នុងមូលដ្ឋាននៃខ្សែបន្ទាត់ ភាពក្រីក្រថ្នាក់ជាតិខ្សែបន្ទាត់ភាពក្រីក្រតាមតំបន់មានដូចជា ១០៩៥១ ក្នុងម្នាក់ក្នុងមួយថ្ងៃ នៅរាជធានីភ្នំពេញ, ៩៥៧១រៀល ក្នុងម្នាក់ក្នុងមួយថ្ងៃ នៅតំបន់ប្រជុំជនផ្សេងទៀត, និង ៨៩០៨រៀល ក្នុងម្នាក់ក្នុងមួយថ្ងៃ នៅតំបន់ជនបទ។
ប្រជាជនប្រមាណ ១៧,៨% នៃប្រជាជនសរុបបានរស់ក្រោមខ្សែបន្ទាត់នេះក្នុងឆ្នាំ២០១៩-២០២០ ក្នុងនោះអត្រាក្រីក្រនៅរាជធានីភ្នំពេញ ៤,២%, តំបន់ទីប្រជុំជនផ្សេងទៀត១២,៦% តំបន់ជនប២២,៨%។
ជាទូទៅទៅដើម្បីវាស់ ភាពក្រីក្រចាំបាច់ត្រូវកំណត់ខ្សែបន្ទាត់ភាពក្រីក្រ។ ខ្សែបន្ទាត់ភាពក្រីក្រសម្រាប់កម្ពុជាត្រូវបានកំណត់ជាលើកដំបូងនៅឆ្នាំ១៩៩៧ ដោយប្រើប្រាស់ទិន្នន័យពីអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជាឆ្នាំ១៩៩៣-១៩៩៤។ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងកម្រិតនៃភាពក្រីក្រនៅកម្ពុជារហូតដល់ឆ្នាំ២០០៨។ ក្រោយមកដោយសារសេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងអំឡុងពេលពីឆ្នាំ១៩៩៣ ដល់២០០៨ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្ត ធ្វើការកំណត់ខ្សែបន្ទាត់ក្រីក្រឡើងវិញ សម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជាឆ្នាំ២០០៩ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើសម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជារហូតដល់បច្ចុប្បន្ន។
អត្រាភាពក្រីក្រនៅកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២០ ផលប៉ះពាល់ខ្លាំងពីការរីករាលដាលនៃមេរោគកូវិត-១៩។ ការរីករាលដាលកូវីដ១៩ សេដ្ឋកិច្ចកម្ពុជាដែលចាប់ផ្ដើមពីដើមឆ្នាំ២០២០ តាមរយៈការបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ការផលិតផលិតផលនាំចេញ ការថយចុះបញ្ជាទិញពីក្រៅប្រទេស និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ប៉ុន្តែផលប៉ះពាល់លើកម្រិតជីវភាពរបស់គ្រួសារប្រជាជនកម្ពុជា អាចចាប់ផ្ដើមពីខែមេសាឆ្នាំ២០២០ នៅពេលដែលវិធានការការរឹតបន្តឹងនានាត្រូវបានអនុវត្ត៕