ដោយៈ សុផារី
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជានឹងពិនិត្យលទ្ឋភាពជាមួយភាគីចិន ដើម្បីផលិតវ៉ាក់សាំងដោយខ្លួនឯង សម្រាប់ការប្រើប្រាស់ក្នុងប្រទេសនិងនាំចេញ។
សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វីនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងក្នុងពិធីអញ្ជើញទៅទទួលវ៉ាក់សាំងជាង២លានដូស ដែលចាជំនួយរបស់ប្រទេសចិននៅព្រឹកក្នុងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា “មុននេះ ខ្ញុំបាននិយាយជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ទាក់ទងនឹងការផ្គត់ផ្គង់បន្ត យើងក៏បានដើរដល់គំនិតបន្ត ផ្តួចផ្តើមស្តីពីការផលិតវ៉ាក់សាំងនៅនឹងកម្ពុជាតែម្តង ហើយក្នុងនោះមានប្រទេសមួយចំនួនបានធ្វើរួចនៅហើយ ដែលគេបានផលិតជាវ៉ាក់សាំងសម្រេចចុងក្រោយនៅហ្នឹងកម្ពុជាតាមរយៈការដឹកជញ្ជូន”។
សម្តេចបន្តថា “នេះជារបៀបនៃកិច្ចសហប្រតិបត្តិការ ក្នុងការផលិតវ៉ាក់សាំង ដែលមានមូលដ្ឋានផលិតនៅកម្ពុជា និងផ្តល់ប្រភពវ៉ាក់សាំងចេញពីប្រទេសចិន”។សម្តេចបានបន្ថែមថា “ធ្វើយ៉ាងនេះ កម្ពុជាមានលទ្ធភាពទិញយកវ៉ាក់សាំង ដែលផលិតនៅក្នុងរោងចក្រដែលផលិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រើប្រាស់ក្នុងប្រទេសខ្លួនឯងផង និងមានលទ្ធភាព ចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសផ្សេងទៀត តាមរយៈការបញ្ជាទិញពីប្រទេសដទៃ”។
សម្តេចតេជោសង្ឃឹមថា លោកឯកអគ្គរដ្ឋទូតចិននឹងបញ្ជូនសំណើនេះ ទៅកាន់ប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីចិន និងភាគីពាក់ព័ន្ធ ដើម្បីបើកឱកាសឱ្យមានការផលិតវ៉ាក់សាំងក្នុងប្រទេសកម្ពុជាយើង។
សម្តេចតេជោមានប្រសាសន៍ថា“ប្រសិនបើយើងអាចផលិតបាននូវវ៉ាក់សាំង ដែលជាដំណាក់កាលចុងក្រោយ ជាផលិតផលសម្រេចនៅក្នុងប្រទេសកម្ពុជា យើងមានឱកាសច្រើនណាស់ សម្រាប់ការពារជីវិតរបស់ប្រជាជនកម្ពុជាយើង ដោយមិនចាំបាច់ខ្វល់ខ្វាយទៅរកនៅទីណាផ្សេង និងមិនចាំបាច់ដឹកជញ្ជូន ក្នុងចម្ងាយឆ្ងាយនោះទេ។ តែវត្ថុធាតុដើមផលិតវ៉ាក់សាំងត្រូវរៀបចំជា ផលិតផលសម្រេច”។
បន្ថែមលើសនេះ សម្តេចបានបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ក៏បានធ្វើដូច្នេះ ប្រទេសថៃក៏បានផលិតវ៉ាក់សាំង Astra zeneca តាមរយៈការដឹកជញ្ជូននិងផលិតចុងក្រោយនៅក្នុងប្រទេសថៃ។ កម្ពុជាក៏អាចធ្វើបាន ដោយអាចដឹង Sinovac Sinopharm មករៀបចំដំណាក់កាលចុងក្រោយបាន៕