រដ្ឋាភិបាលផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីទាក់ទាញវិនិយោគិនកូរ៉េ

ដោយៈសុធារី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិននិងធុរជនកូរ៉េ ក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ឆ្នាំ២០២១ ដែលមានអ្នកចូលរួមចំនួនប្រមាណ១០០នាក់ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ ក្រោមកិច្ចសហការជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងភ្នាក់ងារជំរុញ វិនិយោគនិងពាណិជ្ជកម្មកូរ៉េ (KOTRA)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះបានប្រព្រឹត្ត ទៅក្រោមអធិបតីភាពលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានវត្តមានចូលរួមរបស់ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក Shin Jongsoo អគ្គនាយក KOTRA, លោក Lee Yong-man ប្រធានសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា។

លោកស្រី ជ្រឹង បុទុមរង្ស៊ី បានសម្តែងនូវអំណរសាទរ និងការវាយតម្លៃខ្ពស់ចំពោះការតាក់តែងច្បាប់ស្តីពីវិនិយោគថ្មីនេះឡើង ស្របពេលដែលកម្ពុជានិងសាធារណរដ្ឋកូរ៉េកំពុងស្ថិតក្នុងដំណើរការបើក សកម្មភាពសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការរំខានពីជំងឺ កូវី៥-១៩។

លោកស្រីបន្តថា “ជាមួយនឹងការដាក់ចេញនូវច្បាប់វិនិយោគ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ កាលពីចុងខែតុលាកន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរនឹងកើនឡើងមួយកម្រិតទៀត ដែលនឹងចូលរួមលើកកម្ពស់ការស្ដារសេដ្ឋកិច្ច-សង្គម ឡើងវិញក្រោយវិបត្តិនៃជំងឺកូវី៨-១៩”។

លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានរំលេចពីទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ជាលំដាប់ ចាប់តាំងពីការផ្សារភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧។ ជាក់ស្តែងពាណិជ្ជកម្មទ្វេភាគី បានឈានដល់កម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ ដោយសម្រេចបានទំហំជាង១ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ ខណះដែលសាធារណរដ្ឋកូរ៉េជាអ្នកវិនិយោគធំជាងគេទី២នៅកម្ពុជា ដែលបានបណ្តាក់ទុនសរុបជិត៧ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ១៩៩៧មកដល់បច្ចុប្បន្ន។

លោកបានយល់ស្របថា “ការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉ រួមជាមួយនឹងការចូលជាធរមាន នៃកិច្ចព្រមព្រៀងស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ទំហំពាណិជ្ជកម្ម និងវិនិយោគរវាង ប្រទេសទាំងពីរ ពិតជានឹងមានកំណើនកាន់តែខ្ពស់ជាក់ជាមិនខាន”។

ចំណែកលោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់សហគមន៍ធុរកិច្ច កូរ៉េនៅកម្ពុជា តាមរយៈស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ភ្នាក់ងារជំរុញវិនិយោគនិងពាណិជ្ជកម្មកូរ៉ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា ព្រមទាំងតួអង្គពាក់ព័ន្ធដទៃទៀត និងបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោតកូរ៉េ ទាំងអស់នៅកម្ពុជាក្នុងវិស័យជាច្រើន ដូចជាកសិកម្ម វាយនភណ្ឌ ដំឡើងរថយន្តធនាគារ ផ្សារមូលបត្រ។ល។

ច្បាប់វិនិយោគថ្មីត្រូវបានតាក់តែងឡើង ស្របតាមការចង្អុលបង្ហាញរបស់ គោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រ នយោបាយនិងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម៤.០ បរិវត្តកម្មឌីជីថល និងការរអាក់រអួលនៃខ្សែច្រវាក់ តម្លៃសាកលដែលបណ្តាល មកពីការរាតត្បា​តនៃជំងឺកូវី៥-១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមា ពីនិម្មាបនកម្មសេដ្ឋកិច្ចក្នុង​តំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ក៍ដូចជាទាញយកផលប្រយោជន៍ពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here