ដោយៈ សុធារី
ប្រទេសថៃៈ ក្រុមហ៊ុន Thai Oil Plc (TOP) ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសថៃ ដោយសារសមត្ថភាពផលិតរបស់ខ្លួនជឿជាក់ថា តម្រូវការក្នុងស្រុកសម្រាប់ឥន្ធនៈ បានចាប់ផ្តើមត្រឡប់ទៅកម្រិតមុនការរាតត្បាត នៃជំងឺកូវីដ១៩ហើយ លើកលែងតែឥន្ធនៈសម្រាប់យន្តហោះ ដែលរំពឹងថានឹងត្រលប់មកធម្មតាវិញនៅចុងឆ្នាំក្រោយ។
តម្រូវការប្រេងសាំងមានលើសពី៣០លានលីត្រក្នុងមួយថ្ងៃ ហើយនឹងកើនឡើង៨%នៅឆ្នាំក្រោយ ខណៈដែលការប្រើប្រាស់ប្រេងម៉ាស៊ូត មានតម្រូវការច្រើនជាង៦៥លានលីត្រក្នុងមួយថ្ងៃ ដែលជាកម្រិតដូចគ្នាមុនពេលកូវីដ-១៩ កើតឡើងក្នុងប្រទេសថៃនៅឆ្នាំ២០២០។ បើយោងតាមការប៉ាន់ស្មានរបស់ TOP តម្រូវការប្រេងម៉ាស៊ូតទំនងជាកើនឡើង៥,៤% នៅឆ្នាំក្រោយ។
តម្រូវការប្រេងឥន្ធនៈមានកម្រិតលើសពី៥លានលីត្រក្នុងមួយថ្ងៃ ប្រហាក់ប្រហែលនឹងការប្រើប្រាស់ជាមធ្យមក្នុងឆ្នាំ២០១៩ ហើយវាត្រូវបានគេរំពឹងថា នឹងកើនឡើង២,៣% នៅឆ្នាំក្រោយ។
ចំពោះប្រេងឥន្ធនៈសម្រាប់យន្តហោះ វិញ ការប្រើប្រាស់ត្រូវបានគេរំពឹងថានឹងមានជិត២០លានលីត្រក្នុងមួយថ្ងៃ នៅចុងឆ្នាំក្រោយ បើធៀបនឹងកាលពីដើមឆ្នាំនេះ មានតិចជាង១០លានលីត្រក្នុងមួយថ្ងៃ និងនៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ មានតិចជាង៥លានលីត្រក្នុងមួយថ្ងៃ។ នេះបើតាមការអះអាងរបស់លោក Nuttapol Nopparatwong អ្នកគ្រប់គ្រងទំនាក់ទំនងវិនិយោគិនរបស់ក្រុមហ៊ុនTOP។
លោកបានបន្តថា “ការប្រើប្រាស់ប្រេងយន្តហោះ នឹងត្រូវចំណាយពេលយូរជាងនេះដើម្បីត្រលប់មកសភាពដើមវិញ នៅពេលដែលការធ្វើដំណើរតាមផ្លូវអាកាសបន្តយឺតយ៉ាវនៅគ្រប់ប្រទេសទាំងអស់”។
លោក Nuttapol រំពឹងថា តម្លៃប្រេងនៅឌូបៃ នឹងស្ថិតនៅជាមធ្យម៧០ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅឆ្នាំក្រោយ ដែលតម្លៃនេះបង្ហាញពីតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការប្រេងពិភពលោក។
លោក Torsang Chaipravat អនុប្រធានផ្នែកផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន TOPបាននិយាយថា តម្លៃប្រេងពិភពលោក ទំនងជានៅតែខ្ពស់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះនៅឆ្នាំក្រោយ ដោយសារតម្រូវការខ្ពស់នៅក្នុងរដូវរងា និងការផ្លាស់ប្តូរការប្រើប្រាស់ប្រេងឥន្ធនៈទៅជាប្រេងពីឧស្ម័នធម្មជាតិ និងធ្យូងថ្មដែលមានតម្លៃថ្លៃ។
ទីភ្នាក់ងារថាមពលអន្តរជាតិប៉ាន់ប្រមាណថា តម្រូវការប្រេងនឹងកើនឡើងដល់១០១,៣លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ កើនឡើងពី ៩៥,៩លានបារ៉ែលក្នុងមួយថ្ងៃ ។
ការផ្គត់ផ្គង់ប្រេងក៏ត្រូវបានគេរំពឹងថានឹងកើនឡើងដែរ ដោយមានប្រេងឆៅថ្មីបន្ថែម០,៤លានបារ៉ែលក្នុងមួយថ្ងៃ ពីអង្គការប្រទេសនាំចេញប្រេង និង២លានបារ៉ែលក្នុងមួយថ្ងៃ ពីសហរដ្ឋអាមេរិក កាណាដា និងប្រេស៊ីល។
ក្រុមហ៊ុនTOP កាលពីថ្ងៃចន្ទ បានរាយការណ៍ថា ខ្លួនបានបែងចែកការចំណាយដើមទុន ដែលមានតម្លៃ២,២៤៨ពាន់លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងចន្លោះឆ្នាំ២០២១និង២០២៤។ ថវិកាភាគច្រើននឹងចំណាយទៅលើគម្រោងថាមពលស្អាត និងការកែលម្អផលិតភាព៕