នាយករដ្ឋមន្រ្តីចិនចង់ឃើញកសិផលកម្ពុជានាំចេញទៅចិនផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ

ដោយៈ គង់ សិរីម៉ាលីនណា

ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាំងបានថ្លែងថា ប្រទេសចិនចង់ឲ្យកម្ពុជានាំចេញកសិផលទៅកាន់ប្រទេសចិនដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសជិតខាងកម្ពុជា។

ក្នុងជំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតាមប្រព័ន្ឋវីដេអូ កាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកាកន្លងមក លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនបានប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខនេះហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានគុណតម្លៃខ្ពស់ សម្រាប់ជំរុញកំណើនពា​ណិជ្ជកម្មរវាងកម្ពុជា និងចិន ត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០មកម្ល៉េះ តែកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានអនុវត្តនៅឡើយទេ ដោយត្រូវបំពេញលក្ខ​ខណ្ឌច្បាប់តាមប្រទេសនីមួយៗ ក៏ដូចជា ការអនុម័តយល់ព្រមពីស្ថាប័នសភានៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានពិភាក្សាគ្នាផ្តោតជាសំខាន់ទៅលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចព្រមព្រៀពាណិជ្ជកម្មសេរីនេះផងដែរ។ ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនាយករដ្ឋមន្ត្រីកម្ពុជា និងចិន បានឯកភាពគ្នាជំរុញឱ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA គឺជាកិច្ចព្រមព្រៀងលើកលែងពន្ធអាករទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀត លើផលិតផលដែលបានព្រមព្រៀងគ្នា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងពន្ធអាករលើផលិតផលប៉ុណ្ណោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។

សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានអះអាងថា កម្ពុជានឹងនាំផលិតផលជាង៣៤០មុខ ហើយ៩៥ភាគរយនៃផលិតផលនេះ នឹងចុះពន្ធដល់ ០ភាគរយ ហើយនៅសល់៥ភាគរយ គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់ចុះទៅ០%។

ការនាំចេញពីកម្ពុជាទៅចិន តែងតែមានកំណើនជាមធ្យមប្រមាណពី ៦-១០% ក្នុងមួយឆ្នាំៗ ព្រោះសេដ្ឋកិច្ច នៃប្រទេសទាំងពីរ បានបំពេញឲ្យគ្នាទៅវិញទៅមកយ៉ាងល្អ។

ជាទូទៅ កម្ពុជាបាននាំចេញទៅចិន នូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម-ល-។

ចំណែកទំនិញនាំពីចិន នូវផលិតផលសម្រាប់បម្រើឱ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here