ទំនិញរាប់ម៉ឺនមុខរបស់កម្ពុជា គ្រោងនឹងនាំចេញទៅទីផ្សារចិននិងកូរ៉េក្រោយ FTA ចូលជាធរមាន

ដោយ: សូរិយា

ភ្នំពេញ៖ លោកមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា មុខទំនិញសំខាន់ៗរបស់កម្ពុជារាប់ម៉ឺនមុខ នឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងកូរ៉េ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)នឹងចូលជាធរមាននាដើមឆ្នាំ២០២២ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា ស្របតាមអនុសាសន៍ណែនាំរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារនឹងកំណត់មុខទំនិញជាអាទិភាពមួយចំនួន។

លោកបន្តថា មានន័យថា យើងកែសម្រួលឲ្យទៅជាយុទ្ធសាស្រ្តមួយទៀតលើមុខទំនិញដែលមានស្រាប់ បន្ទាប់មកទៀតយើងកែសម្រួលឱ្យទៅជាយុទ្ធសាស្រ្តមួយ។ បន្ទាប់មកទៀត យើងជ្រើសទំនិញ ដែលមានស្រាប់ក្នុងចំណោម មកដាក់ឡើងវិញថាទំនិញណាសម្រាប់ទីផ្សារកូរ៉េ ហើយទំនិញណាសម្រាប់ទីផ្សារចិន ទើបយើងដាក់ចេញការងារទាំងនេះបន្តទៅមុខទៀត។

លោកបានបន្ថែមថា ទំនិញដែលត្រូវនាំចេញមិនមែនមានតែ១០មុខទេ គឺរាប់ម៉ឺនមុខ ក្នុងនោះកូរ៉េជាង ១ម៉ឺនមុខ រីឯចិនប្រហែល៩៧, ៩៨, ៩៩បន្ទាត់ពន្ធ ដែលទទួលបានកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយទំនិញអាទិភាពរបស់យើងមានច្រើនជាងនេះទៅទៀត ក្រៅពីចេក អង្ករ ស្វាយចន្ទីរ…។

លោកឱ្យដឹងទៀតថា “យើងនឹងធ្វើការជ្រើសរើសទំនិញជាអាទិភាពសម្រាប់ទីផ្សារនីមួយៗ ដើម្បីបង្ហាញជូនធុរជន និងឧស្សាហករ ដែលជាអ្នកផលិតករឱ្យបានយល់ ថាត្រូវផលិតទំនិញអ្វីខ្លះ អញ្ចឹងក្រសួងនឹងធ្វើជាគោលនយោបាយដែលបច្ចុប្បន្នមានហើយតែយើងត្រូវរៀបចំឡើងវិញ ឱ្យទៅជាគោលនយោបាយសម្រាប់ការអនុវត្តទាំងមូល”។ លោកបន្តថា “បានន័យថា គោលនយោបាយក្នុងការទាញយកអត្ថប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយនិងបង្ហាញជូននូវតារាងមុខទំនិញកិច្ចព្រមព្រៀងនីមួយៗដែលពាណិជ្ជករ ឧស្សាហករយើង អាចផលិតហើយនាំចេញបានទៅកាន់ទីផ្សារទាំង២នេះ គឺមានមុខទំនិញសម្រាប់ទីផ្សារចិន។”

លោកស្រី អ៊ិន ឡៃហួត ម្ចាស់សហគ្រាសកែច្នៃស្វាយចន្ទីរជ័យសម្បូរ និងជាសមាជិកសមាគមកែច្នៃស្វាយចន្ទីរប្រាសាទសម្បូរព្រៃគុក បានកោតសសើរនិងអរគុណចំពោះរដ្ឋាភិបាលដែលតែងតែគិតគូរ និងពង្រីកទីផ្សារនាំចេញ ជាពិសេសកិច្ចសហការដ៏ល្អជាមួយវិស័យឯកជនក្នុងស្រុក គឺពិតជាឆ្លើយតបបានយ៉ាងល្អប្រសើរ។ លោកស្រីសង្ឃឹមថា នាពេលខាងមុខ កម្ពុជានឹងទាក់ទាញអ្នកវិនិយោគិនកាន់តែច្រើនថែមទៀតឲ្យមកបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះ លោកស្រីបានស្នើសុំបន្ថែមដែរ ទៅកាន់វិស័យហិរញ្ញវត្ថុ ដូចជាធនាគារ និងដៃគូវិនិយោគជាដើម សុំឲ្យមានទុនដាក់ក្នុងកម្រិតណាដែលសិប្បករគាត់ចង់បង្កើតក្រុមកែច្នៃ ទទួលយកមកធ្វើអាជីវកម្មបានដើម្បីជួយឱ្យវិស័យស្វាយចន្ទីរកម្ពុជាកាន់តែប្រសើរឡើង។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន អត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាន មានដូចជា ការបើកទីផ្សារឱ្យបានធំនិងប្រសើរជាងមុនសម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត។ ក្នុងនោះកម្ពុជាក៏នឹងទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលអាចនាំចេញក្នុងករណីមានការបណ្តុះបណ្តាលជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់។

ដោយឡែក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-កូរ៉េ គឺផ្ដោតទៅលើការបើកច្រកទីផ្សារ និងអត្ថបទកិច្ចព្រមព្រៀងទាំងមូលដែលគ្របដណ្ដប់លើជំពូកស្ដីពី៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មផ្នែកទំនិញ វិធានប្រភពដើមទំនិញ វិធានជាក់លាក់សម្រាប់ផលិតផល បែបបទគយ និងកិច្ចសម្រួលពាណិជ្ជកម្ម និងបញ្ហាច្បាប់ និងស្ថាប័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here