រដ្ឋាភិបាលគ្រោងផ្តល់ឥណទាន ២៥០លានដុល្លារដល់វិស័យឯកជននៅឆ្នាំ២០២២

ដោយៈម៉ាលីនណា

ភ្នំពេញៈ ក្នុងន័យចូលរួមលើកទឹកចិត្តវិស័យឯកជន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិ​បត្តិកូវីដ១៩ រដ្ឋាភិបាលកម្ពុជាគ្រោង ផ្តល់ឥណទានទំហំ២៥០លានដុល្លារ ជាមួ​យអត្រាការប្រាក់ទាបដល់ផ្នែកឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់ជាមួយកូវីដ-១៩ រាជរដ្ឋាភិបាល នឹងផ្តោតជាអាទិភាពលើគោលនយោបាយ កម្មវិធី និងវិធានការចម្បងចំនួន១៥ ក្នុងនោះវិធានការណ៍ទី១ គឺការផ្តល់ឥណទានបន្ថែមជូនដល់វិស័យឯកជន ដែលស្ថិតក្នុងបណ្ដាវិស័យអាទិភាព សំដៅជំរុញដល់ការរស់រាន ផលិតភាព និងការធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម តាមរយៈការចាប់យកនូវបច្ចេកវិទ្យា។

រាជរដ្ឋាភិបាល នឹងដាក់ចេញនូវយន្តការហិរញ្ញប្បទាន ដល់វិស័យឯកជន តាមរយៈត្រៀមថវិកាប្រមាណ២៥០លានដុល្លារអាមេរិក នៅឆ្នាំ២០២២ខាងមុខ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដែលមានអាត្រាការប្រាក់ទាប ក្នុងរង្វង់៥% ទៅ៥,៥% សម្រាប់វិស័យសំខាន់ដូចជា ការ ចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម វិស័យអេកូទេសចរណ៍ ឬវិស័យអាទិភាពដទៃទៀត។

ជាមួយគ្នានេះរដ្ឋាភិបាល នឹងជួយជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា ដោយពង្រីកវិសាលភាព នៃការផ្ដល់ការធានាភ្ជាប់ជាមួយលក្ខ​ខណ្ឌអនុគ្រោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here