តើអ្នកអាចទទួលបានសេវាកម្មប្រាក់កម្ចីអ្វីខ្លះពីធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា?

ដោយៈ សុផារី

ភ្នំពេញៈ ប្រសិនបើអ្នកជាម្ចាស់សហគ្រាសធុនតូច និងមធ្យម ឬមានគម្រោងចង់បើកសហគ្រាស ដើម្បីទទួលបានសេវាកម្មប្រាក់កម្ចីដែលត្រូវនឹងយើង យើងគួរមើលទៅអ្នកផ្តល់សេវាកម្មសិនថា អតិថិជនគោលដៅគេជានរណា ព្រោះផលិតផលនិងសេវាកម្មរបស់គេប្រាកដជា តម្រូវមកលើអតិថិជនគោលដៅជាក់ជាមិនខាន។

ការដែលចេះតែប្រើប្រាស់សេវាផ្សេងៗ ដោយហេតុថាធ្លាប់ឭពីមុនមក និងធ្លាប់ឭតាមគ្នា អាចធ្វើអោយអ្នកខាតបង់ និងបាត់បង់អ្វីដែលល្អសម្រាប់អ្នក។

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាធនាគារដែល មានការណែនាំផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមតម្រង់ទិសពីធនាគារជាតិដោយផ្ទាល់ ក្នុងគោលបំណងជួយគាំទ្រដល់សហគ្រាសធុនតូច និង មធ្យមតែម្តង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្នប្រាក់កម្ចីដែលផ្តល់ដោយធនាគារ SME មានចែកចេញជាពីរប្រភេទ ទី១ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាស ធុនតូច និងមធ្យម (SCFS) ជំហានទី២ អ្នកអាចខ្ចីបាន រហូតដល់៥០០,០០០ដុល្លារ ជាមួយនឹងការប្រាក់អតិបរមា៦.៥%ក្នុងមួយឆ្នាំ សម្រាប់វិស័យអាទិភាព និង៧.៥ % សម្រាប់វិស័យមិនមែនអាទិភាព ឬមិនបានចុះបញ្ជី ក្នុងរយៈពេលរហូតដល់ទៅ៧ឆ្នាំ។

ដោយសារតែនេះ ជាគម្រោងសម្រាប់ជួយដល់សហគ្រាស ក្នុងការដំណើរការអាជីវកម្ម អ្នកដែលចង់ស្នើសុំកម្ចីនេះអាចស្នើពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូមួយណាក៏បាន។

សម្រាប់លក្ខខណ្ឌ របៀបបង់ប្រាក់ គោលការណ៍ ការអនុម័ត និងប្រភេទទ្រព្យបញ្ចាំ គឹតម្រូវដោយធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ ដែលអ្នកដាក់ពាក្យស្នើ។ បន្ទាប់មក ដៃគូនឹងធ្វើសំណើរមកកាន់ធនាគារSME ទៅតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។ ធនាគារ SME នឹងផ្តល់ហិរញ្ញប្បទានទៅកាន់ដៃគូវិញ ហើយដៃគូក៏ផ្តល់កម្ចីមកអ្នកតាមកិច្ចសន្យា ព្រមទាំងពិនិត្យមើលរហូតដល់ឥណទានត្រូវបានបញ្ចប់ផងដែរ។

ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាដៃគូសហការជាមួយធនាគារ SME មានចំនួន ២៦ ក្នុងនោះមាន ធនាគារពាណិជ្ជចំនួន២១ធនាគារឯកទេសចំនួន១ គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ១ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ៣។

២ គម្រោងហិរញ្ញប្បទាននៃសហគ្រាសធុនតូច និងមធ្យមកម្ពុជា (DFS)៖ អ្នកអាចខ្ចីបានចាប់ពី ១០, ០០០- ៥០០, ០០០ ដុល្លារឯណោះ ជាមួយការប្រាក់ចាប់ពី ៥.៥ % អាស្រ័យលើប្រភេទអាជីវកម្មរបស់អ្នក ក្នុងរយៈពេល អតិបរមា១០ឆ្នាំ។ គម្រោងនេះមាន គោលបំណងសំខាន់ គឺជួយដល់សហគ្រាសដែលរងផលប៉ះពាល់ ពីការធ្លាក់ចុះសេដ្ឋកិច្ចដោយសារ ជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here