តើឈ្មោះ និងស្លាកយីហោ មានសារសំខាន់បែបណាសម្រាប់ភាពជោគជ័យរបស់ក្រុមហ៊ុនមួយ?

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ការដាក់ឈ្មោះក្រុមហ៊ុន ការបង្កើតស្លាកឡូហ្កូក្រុមហ៊ុនមួយៗ គឺពិបាកជាងការដាក់ឈ្មោះកូន ហើយក៏មិនមែនក៏ចេះតែដាក់អោយបាននោះដែរ គឺត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ ព្រោះថាការកសាងក្រុមហ៊ុនអោយល្បី កសាងក្រុមហ៊ុនអោយលូតលាស់បានវាមិនមែនជាការងាយហើយនៅពេលបានល្បីហើយ បែរជាឈ្មោះក្រុមហ៊ុនឬស្លាកឡូហ្កូក្រុមហ៊ុនមើលទៅធម្មតាៗក៏ពិបាកក្នុងការចាប់ដៃជាមួយដៃគូសហការដែរ ។ នេះបើតាមលោកតាន់មុនីវណ្ណ អគ្គនាយករងនៃក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប។

លោកបានបន្តថា ក្រុមហ៊ុនដែលគេល្អ គេគ្រាន់តែដាក់ឈ្មោះហ្នឹងមួយមកគេអាចដឹងថាក្រុមហ៊ុននោះ គឺផ្ដោតទៅលើអ្វី រកស៊ីអ្វី ហើយឈ្មោះនោះគឺប្លែក ស្រួលថាស្រួលចាំ ។ ចំពោះការរចនា ឡូហ្កូ ក៏មិនមែនចេះតែធ្វើនោះដែរ ។
លោកថា “ឈ្មោះក្រុមហ៊ុនគួរតែធ្វើអោយខ្លី ស្រួលថាស្រួលចាំ ហើយឡូហ្កូក៏ដូចគ្នា គ្រាន់តែក្រលេកក៏ឆាប់ចាំដូចក្រុមហ៊ុនល្បីៗមួយចំនួនលើពិភពលោកដូចជា Nike , Adidas , LG , Samsung ជាដើម ។ ចំណែកពាក្យSlogan ( ពាក្យស្លោក ) នៃក្រុមហ៊ុននោះ គេនឹងដាក់តាមក្រោម ទៅតាមអ្វីដែលគេនឹកឃើញ និងត្រូវការពិភាក្យជាមួយម្ចាស់ភាគហ៊ុនធំៗ”។

លោកបន្ថែមថា ទាំងអស់នេះមើលទៅសាមញ្ញ ដូច្នេះហើយទើបអ្នកចាប់ផ្ដើមអាជីវកម្មដំបូងៗជាច្រើន មិនសូវចាប់អារម្មណ៍ ហើយគួរតែរកអ្នកប្រឹក្សាយោបល់សម្រាប់ជួយក្នុងកិច្ចការបង្កើតអាជីវកម្មដំបូងនេះ ។ អ្វីដែលត្រូវចាំនោះគឺកុំធ្វើអ្វីដែលជាការគិតដោយខ្លួនឯង គិតភ្លាមធ្វើភ្លាម។

លោកបញ្ជាក់ថា នៅពេលដែលបង្កើតឈ្មោះបានហើយ មានឡូហ្កូត្រឹមត្រូវហើយ និងមានសកម្មភាពអាជីវកម្មហើយនោះ សូមកុំភ្លេចរកភាពស្របច្បាប់ ការពារឈ្មោះនិងឡូហ្កូក្រុមហ៊ុននោះអោយបានដើម្បីកុំអោយអ្នកដទៃយកឈ្មោះ និងក្រុមហ៊ុនទៅធ្វើអាជីវកម្មបន្ត។ ក៏ប៉ុន្តែបើសិនជាអាជីវកម្មនោះ មានបុគ្គលិកតែបួនប្រាំនាក់មិនចាំបាច់ចុះបញ្ជីក៏បានដែរ គឺដើរតួនាទីជាអ្នកជំនួញវិញ តែបើសិនជាមានមហិច្ឆតាបង្កើតក្រុមហ៊ុនធំគួរតែចុះបញ្ជី ក្នុងក្រសួងនិងបង់ពន្ធត្រឹមត្រូវ តាមច្បាប់ផង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here