លោក ប៉ែន សុវិជាត៖ ប្រសិនបើប្រេងនៅតែឡើងថ្លៃ រដ្ឋាភិបាលមិនប្រងើយកន្តើយមិនចាត់វិធានការនោះទេ

ដោយ៖ សុធារី

ភ្នំពេញ៖ លោក​ ប៉ែន​ សុវិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ពន្យល់​ថា “ដោយសារប្រទេសកម្ពុជាជាប្រទេសនាំចូលប្រេងមិនមែនផលិតប្រេងទេ អញ្ចឹងហើយយើងទិញប្រេងពីប្រទេសសិង្ហបុរីនិងនាំចូលប្រេងពីប្រទេសជិតខាងហើយទន្ទឹមហ្នឹងនេះ ថ្លៃប្រេងឥន្ធនៈនៅប្រទេសជិតខាងក៏ឡើងដែរដូចជាប្រទេសថៃតម្លៃប្រេងសាំងឡើង១ ភាគរយ ម៉ាស៊ូតឡើងប្រហែលជា២ ភាគរយ ធៀបនឹងសប្តាហ៍មុន”។

លោកបាន​មាន​ប្រសាសន៍ថា បានបញ្ជាក់ថារដ្ឋាភិបាលគ្រប់គ្រងតែតម្លៃប្រេងម៉ាស៊ូតនិងប្រេងសាំង៩២ ទេព្រោះជាទំនិញយុទ្ធសាស្ត្រ ចំណែកសាំងស៊ុបពែររដ្ឋាភិបាលអនុញ្ញាតឲ្យវិស័យឯកជនលក់ក្នុងតម្លៃប្រកួតប្រជែងមួយ ព្រោះបើតាមពិតទៅក្នុងទីផ្សារសេរីគេពិបាកកំណត់ថ្លៃណាស់ ព្រោះទីផ្សារសេរីជាទីផ្សារប្រកួតប្រជែង ដោយសារសាំងនេះជាទំនិញក៏ជាសាសន៍ដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ជាទូទៅ ដូច្នេះរាជរដ្ឋាភិបាល ជាពិសេស ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានរៀបចំរូបមន្តមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ ប៉ែន​ សុវិជាតិ​ អះអាង​ថា ចំពោះពន្ធនាំចូល អាករពិសេស អាករបន្ថែម តម្លៃបន្ថែមពន្ធផ្សេងៗ ទៀត រួមទាំងកម្រិតចំណាយនិងកម្រិតចំណេញ របស់វិស័យឯកជនក៏ត្រូវបានកំណត់តែហើយមិនមានការប្រែប្រួលទេតាំងពីដើមដល់បច្ចុប្បន្ននេះ។

លោកបានបញ្ជាក់បន្ថែមថា ចំពោះសាំងធម្មតាយើងកម្រិតចំណាយនិងចំណេញត្រឹមតែ២០ សេនក្នុងមួយលីត្រ។ចំពោះសាំងនិងម៉ាស៊ូត២៣ សេនហ្នឹងមួយលីត្រ។

លោក​ ប៉ែន​ សុវិជាតិ​ អះអាង​ថា បញ្ហាសំខាន់ដែលបណ្ដាលឱ្យប្រេងឥន្ធនៈឡើងថ្លៃព្រោះតែ អនុមានការផ្គត់ផ្គង់ប្រេងរបស់ទីផ្សារអន្តរជាតិមិនគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការការប្រើប្រាស់ទេមានការបើកដំណើរការជាអន្តរជាតិ ដូចជាការចាប់ផ្ដើមហោះហើរ ការបើកដំណើរការសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន ជាដើម។

លោកថាកន្លងមកប្រទេសធំៗក្នុងពិភពលោកបានស្នើសុំឲ្យ អង្គការអូពិច បង្កើនផលិតកម្មបន្ថែមទៀតប៉ុន្តែអង្គការអូពិចបានសន្យាថាថានឹងផលិតត្រឹមតែ៤០ម៉ឺនបារ៉ែលទេ ក្នុងមួយថ្ងៃដោយគិតចាប់ពីខែធ្នូឆ្នាំ២០២១នេះតទៅ។

លោក​បន្តថា “យើងអាចនឹងរំពឹងថាតម្លៃប្រេងនឹងធ្លាក់ចុះបន្តិចវិញនៅពេលដែលបងថាអូពិចបន្ថែមផលិតតកម្មរបស់ខ្លួនពិតតែបើតាមការវិភាគខ្លះថា៤០ម៉ឺនបារ៉ែលនេះ ហ្នឹងមិនឆ្លើយតបទាន់ពេលវេលាតាមតម្រូវការការផ្គត់ផ្គង់ដែលកើនឡើងនោះទេ”។

លោក​ ប៉ែន​ សុវិជាតិ​ មាន​ប្រសាសន៍​បន្តថា “ប្រទេសធំៗដូចជាចិននិងអាមេរិចបានបើកស្តុកបម្រុងរបស់ខ្លួនដើម្បីឲ្យតម្លៃប្រេងធ្លាក់ចុះវិញ។ ចំណែកប្រទេសកម្ពុជាយើងវិញ ក៏ធ្លាប់មានវិធានការខ្លះដែរប៉ុន្តែដោយសារយើងអនុវត្តន៍នូវរបបទីផ្សារសេរីហើយរដ្ឋមិនមានស្តុកបំរុងទុកទេ។ ដូច្នេះយើងប្រគល់តួនាទីនេះឲ្យវិស័យឯកជន។កាលពីមុនរដ្ឋាភិបាលបានកំណត់ឲ្យវិស័យឯកជនត្រូវមានស្តុកប្រេងសម្រាប់ការប្រើប្រាស់យ៉ាងតិច បីខែប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះតម្លៃប្រេងប្រែប្រួលច្រើនពេក វិស័យឯកជនក៏បានស្នើថា នឹងធានាឱ្យមានស្តុកត្រឹមតែមួយខែ”។

លោកបានមានប្រសាសន៍បន្ថែមថា ប្រសិនបើប្រេងនៅតែឡើងថ្លៃ រដ្ឋាភិបាលមិនប្រងើយកន្តើយមិនចាត់វិធានការនោះទេ។ ក្រសួងទាំងបីនឹងស្វះស្វែងសិក្សាតាមរបៀបវិទ្យាសាស្រ្ត និងវិស័យឯកជនផងដើម្បីធ្វើយ៉ាងណាធានានូវការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋយើងមិនបណ្ដោយឱ្យមានការប៉ះពាល់ខ្លាំងដល់ជីវភាពប្រជាជនទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here