សិក្សា​ស្វែង​យល់​លក្ខខណ្ឌថ្មីសម្រាប់និយមន័យសហគ្រាសធុនតូចនិងមធ្យម​នៅកម្ពុជា

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ សហគ្រាស ជាអង្គភាព ឬ គ្រឹះស្ថានដែលមានគោលដៅស្វែងរកប្រាក់ចំណេញ រួមមានសហគ្រាសសាធារណៈ និងសហគ្រាសឯកជន រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងមីក្រូសហគ្រាសផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍របស់ទីស្តីការគណៈរដ្ឋមន្រ្តី និយមន័យនៃសហគ្រាសធុនតូច និងមធ្យម ត្រូវបានកំណត់ថ្មី ដោយបែងចែកជា ៣ វិស័យ រួមមាន កសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម។

និយមន័យក្នុងការកំណត់សហគ្រាសធុនតូច និងមធ្យមបច្ចុប្បន្ន ត្រូវផ្អែកលើ ចំនួនបុគ្គលិក ទំហំផលរបរ ឬ ទំហំទ្រព្យសកម្មរបស់ស្ថាប័ន។ នេះ​បើតាម​លិខិតដែលចុះហត្ថលេខាដោយ លោក ហ៊ីង ថូរ៉ាក់ស៊ី ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់លក្ខខណ្ឌទី ២ (ចំណូល) ក្រសួង ស្ថាប័នពាក់ព័ន្ធ អាចប្រើប្រាស់លក្ខខណ្ឌមួយណាក៏បាន ប៉ុន្តែករណីផលរបរប្រចាំឆ្នាំ និងទ្រព្យសកម្ម មិនមានសង្គតិភាពក្នុងការកំណត់សហគ្រាសជា SMEs ត្រូវយកលក្ខខណ្ឌដែលមានកម្រិតខ្ពស់ជាងគេ ខណៈដែលការកំណត់និយមន័យ ត្រូវបែងចែកលម្អិតទៅតាមវិស័យសំខាន់ៗ ដូចខាងក្រោម៖

សម្រាប់វិស័យកសិកម្ម សហគ្រាសខ្នាតតូច ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥ ទៅ ៤៩ នាក់ ជាមួយនឹងផលរបរប្រចាំឆ្នាំចាប់ពី ៦២ ២៥០ ដុល្លារ ទៅ ២៥០ ០០០ ដុល្លារ។ ទំហំទ្រព្យសកម្មសម្រាប់សហគ្រាសខ្នាតតូច ត្រូវបានកំណត់ពី ៥០ ០០០ ទៅ ២៥០ ០០០ ដុល្លារ។ សហគ្រាសធុនមធ្យម ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥០ ទៅ ១៩៩ នាក់ ដែលមានផលរបរប្រចាំឆ្នាំពី ២៥០ ០០១ ទៅ ១ ០០០ ០០០ ដុល្លារ។ ទំហំទ្រព្យសម្បត្តិសម្រាប់សហគ្រាសធុនមធ្យម ត្រូវបានកំណត់ពី ២៥០ ០០១ ទៅ ៥០០ ០០០ ដុល្លារ។

សម្រាប់សហគ្រាសធុនតូចនិងមធ្យម វិស័យឧស្សាហកម្មសហគ្រាសខ្នាតតូច ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥ ទៅ ៤៩ នាក់ ដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៦២ ៥០០ ទៅ ៤០០ ០០ ម៉ឺនដុល្លារ។ ទំហំទ្រព្យសកម្មសម្រាប់សហគ្រាសខ្នាតតូច ត្រូវបានកំណត់ពី ៥០ ០០០ ទៅ ៥០០ ០០០ ដុល្លារ។ សហគ្រាសធុនមធ្យម ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥០ ទៅ ១៩៩ នាក់ ដែលមានផលរបរប្រចាំឆ្នាំពី ៤០០ ០០១ ទៅ ២ ០០០ ០០០ ដុល្លារ។ ទំហំទ្រព្យសកម្មសម្រាប់សហគ្រាសមធ្យម ត្រូវបានកំណត់ពី ៥០០ ០០១ ទៅ ១ ០០០ ០០០ ដុល្លារ។

សម្រាប់សហគ្រាសធុនតូចនិងមធ្យម វិស័យសេវាកម្មនិងពាណិជ្ជកម្ម សហគ្រាសខ្នាតតូច ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥ ទៅ ៤៩ នាក់ ដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៦២ ៥០០ ទៅ ២៥០ ០០០ ដុល្លារ។ ទំហំទ្រព្យសកម្មសម្រាប់សហគ្រាសខ្នាតតូច ត្រូវបានកំណត់ពី ៥០ ០០០ ម៉ឺនទៅ ២៥០ ០០០ ដុល្លារ ខណៈដែលសហគ្រាសធុនមធ្យម ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥០ ទៅ ៩៩ នាក់ ដែលមានផលរបរប្រចាំឆ្នាំពី ២៥០ ០០១ ទៅ ១ ៥០០ ០០០ ដុល្លារ។ ទំហំទ្រព្យសម្បត្តិសម្រាប់សហគ្រាសមធ្យម ត្រូវបានកំណត់ពី ២៥០ ០០១ ទៅ ៥០០ ០០០ ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here