ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទឹកប្រាក់សរុបជិត៦ពាន់លានដុល្លារអាមេរិក កើនឡើង១៨% គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១​

ដោយ៖ សុផារី

របាយការណ៍ដែលដកស្រង់ពីស្ថាប័នគយថៃ បានបញ្ជាក់ថា “គិតត្រឹមត្រីមាសទី៣ (មករាដល់ខែកញ្ញា) ឆ្នាំ២០២១នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់សរុប៥.៩៧ប៊ីលានដុល្លារអាមេរិកកើនឡើង១៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានទឹកប្រាក់៥.០៨ប៊ីលានដុល្លារអាមេរិក”។

ក្នុងរយៈពេល៩ខែនេះ ការនាំចេញពីកម្ពុជាទៅថៃ មានតម្លៃ ៦៨៧លានដុល្លារអាមេរិកធ្លាក់ចុះ២៨% ធៀបនឹងឆ្នាំ២០២០ ដែលមានទឹកប្រាក់៩៥៨លានដុល្លារអាមេរិក ខណៈការនាំចូលពីថៃមកកម្ពុជាវិញ មានតម្លៃ៥.២៨ប៊ីលានដុល្លារអាមេរិកកើនឡើង១៤% ធៀបនឹងឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៤.៦១ប៊ីលានដុល្លារអាមេរិក។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឱ្យដឹងថា ការដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ នៅតែបន្តកើនឡើង ដោយសារតែរាជរដ្ឋាភិបាលប្រទេសទាំងពីរ រឹតត្បិតការធ្វើដំណើរ តែពុំបានរឹតត្បិតចំពោះពាណិជ្ជកម្មឡើយ ពោលគឺសកម្មភាពដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ នៅបន្តធ្វើឡើងរៀងរាល់ថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ប្រទេសថៃ រួមមាន៖ វាយនភណ្ឌ កសិផល ត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងប្រភេទពាក់កណ្តាលសម្រេច ខណៈបានទិញចូលពីប្រទេសថៃវិញនូវថាមពល ត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ ស៊ីម៉ង់តិ៍ គ្រឿងឧបភោគ-បរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់។

ដោយឡែកសម្រាប់ក្នុងខែកញ្ញា ឆ្នាំ២០២១ កម្ពុជា និងថៃសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ៧៣២លានដុល្លារអាមេរិក កើនឡើង៤៨% ធៀបនឹងខែដូចគ្នានៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ត្រឹមតែ ៤៩៥លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here