លោក កាំ​ង តុង​ងី ៖ ការ​កើ​ឡើង​នៃ​​កម្ចី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​ជា​សញ្ញា​បង្ហាញ​តម្រូវការ​ឥណទានក្នុង​ការ​ចាប់ផ្តើម ​ឬ ពង្រីក​អាជីវកម្ម

ដោយ៖ សុធារី

ភ្នំពេញ ​៖ ការ​ដាក់​ប្រាក់​បញ្ញើ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ មានការ​កើនឡើង​ប្រមាណ ​១៩០​ លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​​ការ​ផ្តល់​ឥណទាន​ជូន​អតិថិជន​បាន​ឡើង​ជាង ​៦០០ ​លាន​ដុល្លារ​អា​មេ​រិ​ក​ ។ នេះ​បើតាម​ការ​ឱ្យដឹង​របស់​លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ តាម​រយៈ​ទិន្នន័យ​ពី​សមាជិក​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​មានគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ដែល​មិន​រាប់​បញ្ចូល​ទិន្នន័យ​ធនាគារ​នោះ វិស័យ​មីក្រូហិរញ្ញវត្ថុ​មានការ​កើនឡើង​ទាំង​ប្រាក់​បញ្ញើ និង​ឥណទាន​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២១ ​។

លោក​គូសបញ្ជាក់​ថា ​គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ២០២១ ចំនួន​អតិថិជន​ដែល​ដាក់​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់​ជាង ២,៨​ លាន​នាក់ ពោល​គឺ​កើនឡើង​ចំនួន៣៣.៦៨៦​ នាក់ ធៀប​នឹង​ត្រីមាស​មុន ខណៈ​បរិមាណ​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់ ៤.០៧៣​ លាន​ដុល្លា​សហរដ្ឋអាមេរិក ពោល​គឺ​កើនឡើង​ចំនួន១៩០ ​លាន​ដុល្លា​សហរដ្ឋអាមេរិក​ធៀប​នឹង​ត្រី​ទី​២ ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះ​ឥណទាន​ក៏​បាន​កើនឡើង​រហូត​ដល់៨.២១៨ លាន​ដុល្លា​សហរដ្ឋអាមេរិក ដោយ​កើនឡើង​ប្រមាណ៦០០ លាន​ដុល្លា​សហរដ្ឋអាមេរិក​បើ​ធៀប​នឹង​ត្រីមាស​មុន ខណៈ​ចំនួន​អតិថិជន​កម្ចី​បាន​កើនឡើង​ដល់២,០២​ លាន​នាក់ ដោយ​កើនឡើង ៥១.១១៦ ​នាក់​បើ​ធៀប​នឹង​ត្រីមាស​ទី​២ ​ក្នុង​ឆ្នាំ ​២០២១ ​។

​លោក កាំ​ង តុង​ងី បាន​លើក​ឡើង​ថា “​ការ​កើនឡើង​នេះ​អាច​ជា​សញ្ញាណ​បង្ហាញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​តម្រូវការ​ឥណទាន​ក្នុង​ការ​ចាប់ផ្តើម ​ឬ ពង្រីក​អាជីវកម្ម​ ។ យ៉ាងណា​ក្តី​សមាគម​មីក្រូហិរញ្ញវត្ថុ នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​នូវ​និនាកា​រណ៍​ផ្សេង​ៗ​ក្នុង​វិស័យ ដើម្បី​ការពារ​ផល​ប៉ះពាល់​ណាមួយ​ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ​”។

លោក​បាន​បញ្ជាក់​បន្ថែមថា “ជា​ទូទៅ​គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឬ​គ្រឹះស្ថាន​ធនាគារ​ផ្សេង​ៗ មាន​ប្រាក់​ត្រៀម​ផ្តល់​ជូន​អតិថិជន​គ្រប់ពេល តែ​សំខាន់​គេ​ត្រូវ​ពិនិត្យ​មើល​លើ​លក្ខ​ណ្ឌ​អតិថិជន​នីមួយ​ៗ​មុខ​ផ្តល់​កម្ចី”។

លោក​បន្ត​ថា “អ៊ីចឹង​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​យើង​មិន​មាន​បញ្ហា​កង្វះ​ដើមទុន​នោះ​ទេ ។ ​យើង​មិន​មាន​កង្វះ​សាច់ប្រាក់​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​របស់​យើង​នោះ​ទេ បើសិនជា​អតិថិជន​ត្រូវការ ហើយ​មាន​លក្ខ​ខណ្ឌ​ត្រឹមត្រូវ​ និង​សម​ស្របនោះ​យើង​នឹង​ផ្តល់​ឥណទាន​ជូន​ពួក​គាត់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here