មន្រ្តីជាន់ខ្ពស់នៃកម្ពុជា រម្លឹកដល់ភាគីនិយោជកនិងកម្មករនិយោជិត បន្តរក្សាអនាម័យដើម្បីសុខភាពនិងរក្សាកំណើនផលិតភាព

ដោយ:សូរិយា

ភ្នំពេញ៖ ទោះបីជាបរិបទនៃការរីករាលដាលវីរុសកូវីដ១៩ នៅទូទាំងពិភពលោកនាពេលនេះកំពុងវិលត្រឡប់ទៅភាពល្អប្រសើរវិញបន្តិចក្តី។ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់និយោជក កម្មករនិយោជិត និងសាធារណជនទាំងអស់ បន្តយកចិត្តទុកដាក់បង្ការជំងឺកូវីដ១៩ ដោយការពារអនាម័យផ្ទាល់ខ្លួន, កន្លែងការងារ និងក្នុងសហគមន៍ដើម្បីរក្សាសុខភាព រក្សាការងារ និងរក្សាកំណើនផលិតភាព។

នៅក្នុងសិក្ខាសាលាស្តីពីការរក្សាផលិតភាពក្នុងអំឡុងពេលកូវីដ១៩ នៃពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ លោក ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរម្លឹកជូនថា វិបត្តិកូវីដបានបង្កផលប៉ះពាល់ជាលក្ខណៈសាកល និងដល់ប្រទេសកម្ពុជាដោយផ្ទាល់។ ជាក់ស្តែងក្នុងឆ្នាំ២០២០កន្លងមក បានរុញច្រានឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ទៅក្នុងកំណើនអវិជ្ជមាន ព្រមទាំងបង្កនូវសម្ពាធយ៉ាងខ្លាំងក្លាចំពោះរចនាសម្ព័ន្ធទីផ្សារការងារ ក៏ដូចជាកំណើនផលិតភាពក្នុងវិស័យសំខាន់ៗដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់និងប្រយោល មានជាអាទិ៍៖ វិស័យទេសចរណ៍, វិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប, វិស័យដឹកជញ្ជូននិងអាកាសចរណ៍, វិស័យកម្មន្តសាល, វិស័យសំណង់, វិស័យហិរញ្ញវត្ថុនិងធានារ៉ាប់រង និងវិស័យផ្សេងៗទៀត។ ក្នុងនោះ សកម្មភាពសេដ្ឋកិច្ច ខ្សែច្រវ៉ាក់ផលិតកម្ម និងធុរកិច្ចជាច្រើនត្រូវបានផ្អាក ឬពន្យារពេលជាបណ្តោះអាសន្ន, កង្វះខាតវត្ថុធាតុដើមសម្រាប់ការផលិត, កង្វះការបញ្ជាទិញ និងបន្តសម្របខ្លួនដោយចាប់យកវិធីសាស្ត្រថ្មីសម្រាប់ប្រតិបត្តិការការងារជាដើម។
លោកបានបន្តថា ដោយឡែកកម្មករនិយោជិតវិញ ក៏រងនូវសម្ពាធនៃការបំប្រួមជម្រើសការងារ ដោយត្រូវបានកាត់បន្ថយឬបាត់បង់ការងារ, ព្រមទាំងត្រូវកែប្រែទម្លាប់ការងារដោយអនុវត្តតាមវិធីថ្មីនៃការធ្វើការងារពីចម្ងាយ តាមរយៈ ទំនាក់ទំនងកិច្ចការជាមួយអតិថិជន និងសហការីតាមប្រព័ន្ធអនឡាញ។ រីឯអ្នកដែលបន្តមកបំពេញការងារនៅកន្លែងផ្ទាល់ក៏ត្រូវអនុវត្តការងារតាមវិធានតឹងរឹងនៃការបង្ការសុវត្ថិភាព អនាម័យ និងបែបបទម៉ត់ចត់ខុសប្លែកពីមុន។

លោក ពេជ សោភ័ន បានបញ្ជាក់ទៀតថា កំណើនផលិតភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនៃប្រទេសមួយ ដោយផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចជាតិនៃប្រទេសនោះអាចផលិតបានផលិតផលដែលមានតម្លៃបន្ថែមកាន់តែច្រើន ខណៈពេលដែលការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព រួមចំណែកដល់ការបង្កើនភាពប្រកួតប្រជែងរបស់ប្រទេស។ កំណើនផលិតភាព ក៏ជាមធ្យោបាយសម្រាប់សេដ្ឋកិច្ចជាតិមួយ ក្នុងការដំឡើងប្រាក់ឈ្នួលឱ្យប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយចីរភាព។ ជានិយមន័យខ្លី ផលិតភាពគឺជាទំនាក់ទំនងរវាងបរិមាណនៃមុខចេញ (output) និងបរិមាណនៃមុខចូល (input) ដែលត្រូវបានប្រើប្រាស់ក្នុងការផលិតមុខចេញនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពាក់ព័ន្ធនឹងសិក្ខាសាលា ស្តីពីការរក្សាផលិតភាពក្នុងអំឡុងពេលកូវីដ១៩ នៃពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ មានគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ គន្លឹះសំខាន់ៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃការបង្កើនផលិតភាព ដោយបង្ហាញពីការវិវត្តនៃបច្ចេកវិទ្យាថ្មីៗដែលត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែច្រវ៉ាក់ផលិតកម្មនៅតាមបណ្តាប្រទេសដែលកំពុងមានឧស្សាហកម្មលូតលាស់ ព្រមទាំងបំផុសស្មារតី បណ្តុះផ្នត់គំនិត និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងថ្មីអំឡុងពេលរីករាលដាលជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here