កូរ៉េគ្រោងបង្កើតមជ្ឈមណ្ឌលម្ហូបអាហារនៅកម្ពុជា

ដោយ:សូរិយា

ភ្នំពេញ៖ ក្នុងរយៈពេល ៣ឆ្នាំមកនេះនៅប្រទេសកម្ពុជា បន្ទាប់ពីទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការអនុវត្តគម្រោងក្នុងការជម្រុញវិស័យចំណីអាហារ នៅជំហានបន្ទាប់នេះ ភាគីកូរ៉េនឹងសិក្សាលទ្ធភាពបន្ថែមទៀត នៃការបង្កើតមជ្ឈមណ្ឌលម្ហូបអាហារ(FTC) ដើម្បីជំរុញឲ្យវិស័យម្ហូបអាហារនៅកម្ពុជាកាន់តែប្រសើរឡើងថែមទៀត នឹងឈានទៅប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្រោយជំនួបការងារ រវាងលោក ចម ប្រសិទ្ធ ជាមួយលោក គីមយ៉ុង ចាន់ (KIM Young Chan) នាយកគម្រោងនៃវិទ្យាស្ថាន KFRI និងលោក ឆឹង ជីនវ៉ុន(CHEONG Jin Woong) អ្នកប្រឹក្សាយោបល់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឲ្យដឹងថា បន្ទាប់ពីការអនុវត្តគម្រោងក្នុងការជម្រុញវិស័យចំណីអាហារនៅកម្ពុជា ក្រោមជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) និងវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ (KAIT) នៅកម្ពុជា ចាប់ពីឆ្នាំ២០១៨-២០២០ គឺបានជម្រុញបណ្តុះបណ្តាលដល់ធុរជនជាច្រើន ជាពិសេសការជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យមជាដើម។ ក្នុងនោះ ដើម្បីសុំការអនុញ្ញាតនិងឯកភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងបន្ត ឬហៅថា ការអនុវត្តគម្រោងជំហានទី២ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពបង្កើត មជ្ឈមណ្ឌលម្ហូបអាហារនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីកូរ៉េ បានស្នើសុំកិច្ចសហការមួយចំនួន ដូចជាការផ្តល់ទិន្នន័យ និងទីតាំងបង្កើតរោងចក្រគំរូខ្នាតតូច មន្ទីរពិសោធន៍ បន្ទប់ប្រជុំ និងបណ្តុះបណ្តាលជាដើម ក្នុងការជម្រុញបង្កើតមជ្ឈមណ្ឌល FTC ឲ្យលេចរូបរាងឡើងក្នុងពេលឆាប់ៗ ដើម្បីជួយពង្រឹងឧស្សាហកម្មវិស័យម្ហូបអាហារនៅកម្ពុជា ដោយអនុវត្តឲ្យស្របតាមលក្ខណៈស្តង់ដារ សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជួយឲ្យកម្ពុជាមានលទ្ធភាពឈានប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិផងដែរ។

ជាការឆ្លើយតប លោក ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអនុវត្តការងារកន្លងមក ក្នុងលទ្ធផលផ្លែផ្កា សម្រាប់ជួយឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា។ ចំណែកការអនុវត្តគម្រោងបន្ទាប់ លោកគាំទ្រពេញទំហឹង និងបានចាត់ទុកការចូលរួមបង្កើតជាមជ្ឈមណ្ឌលរបស់កូរ៉េ ពិតជាមានសារៈសំខាន់ និងចំពេលវេលាល្អណាស់ ដើម្បីពង្រឹងឧស្សាហកម្មម្ហូបអាហារកម្ពុជាឲ្យមានលក្ខណៈស្តង់ដារ និងអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ក៏ដូចជាភាពល្បីល្បាញនៃវិស័យម្ហូបអាហារកូរ៉េផងដែរ។

ដោយឡែក ទាក់ទងការស្នើរសុំរកទីតាំង លោកសូមឲ្យភាគីកូរ៉េ ពិនិត្យលទ្ធភាពយកទីតាំងអាគារចំនួន២ ដែលមានកំពស់ ៧ជាន់ដូចគ្នា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ នៅចាក់អង្រែលើ ដែលអាគារទាំងពីរនោះ ជាទីតាំងធ្វើការរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាន និងវិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយក៏ជាទីតាំងបម្រុងសម្រាប់បំពាក់ឧបករណ៍មន្ទីរពិសោធន៍ឧស្សាហកម្មជាច្រើន ដើម្បីបម្រើក្នុងវិស័យឧស្សាកម្មនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here