មិនទាន់ចាប់ផ្ដើមផ្លូវការផង រូបិយប័ណ្ណយ័នឌីជីថលរបស់ចិន ត្រូវបានធ្វើប្របត្តិការសរុបដល់ទៅ៩,៥ពាន់លានដុល្លារ

ដោយៈសុខុម

ហុងកុង: មនុស្សច្រើនរហូតដល់ទៅ១៤០លាននាក់ បានទាញយកកម្មវិធី (App) “E-Wallet” សម្រាប់រូបិយប័ណ្ណយ័នឌីជីថលថ្មី របស់ប្រទេសចិន គិតត្រឹមខែតុលា ឆ្នាំ២០២១ ហើយបានប្រើប្រាស់វា សម្រាប់ប្រតិបត្តិការសរុប ដល់ទៅប្រមាណ៦២ពាន់លានយ័ន (៩,៧ពាន់លានដុល្លារអាមេរិក)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យនេះ ត្រូវបានបញ្ជាក់ពីលោក Mu Changchun មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលរបស់ប្រទេសចិន កាលពីថ្ងៃពុធ ទី៣ វិច្ឆិកា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ទោះជាយ៉ាងណា លោក Mu Changchun អគ្គនាយកនៃវិទ្យាស្ថានរូបិយប័ណ្ណឌីជីថល (Digital Currency Institute) ក្រោមចំណុះធនាគារកណ្ដាលចិន People’s Bank of China បានថ្លែងប្រាប់សន្និសីទ “Fintech Week” នៅក្រុងហុងកុងថា ពេលនេះមិនទាន់មានកាលបរិច្ឆេទ ដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណយ័នឌីជីថល ឬ ហៅថា e-CNY នេះជាផ្លូវការនៅឡើយទេ។

បណ្ដាធនាគារកណ្តាលទូទាំងពិភពលោក កំពុងស្វះស្វែងអភិវឌ្ឍរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDCs) ដើម្បីធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ការពារពីការប្រកួតប្រជែង ពីរូបិយប័ណ្ណឌីជីថលនានា ដូចជា Bitcoin ជាដើម និងដើម្បីពន្លឿនការទូទាត់ក្នុងស្រុក និងអន្តរជាតិ។

កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន គឺស្ថិតក្នុងចំណោមកិច្ចខិតខំប្រឹងប្រែង ដែលមានលក្ខណៈជឿនលឿនបំផុត នៅទូទាំងពិភពលោក ហើយប្រទេសនេះបាន និងកំពុងដំណើរការសាកល្បងកម្មវិធីទូទាត់ផ្សេងៗជាច្រើនចាប់តាំងពីឆ្នាំមុនមក។

លោក Mu Changchun បានបញ្ជាក់ថា រហូតមកដល់ពេលនេះឈ្មួញចំនួន១,៥៥លាននាក់ អាចទទួលយកការទូទាត់ ដោយប្រើប្រាស់កម្មវិធី eCNY រួមទាំងការទូទាត់ថ្លៃទឹកភ្លើង សេវាបម្រើចំណីអាហារ ការធ្វើដំណើរ ការលក់រាយ និងសេវារដ្ឋនានាជាដើម៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here