ដោយៈ សុធារី
ភ្នំពេញៈ ក្រុមនិស្សិតកម្ពុជាបានពង្រីកសមត្ថភាពរបស់ពួកគេ ដោយអាចផលិតដ្រូន និង Outbesat បានដោយខ្លួនឯង ដែលនេះជាជំហ៊ានចាប់ផ្តើមដ៏ល្អមួយ គួរទទួលបានការលើកទឹកចិត្ត។
លោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ រដ្ធមន្រី្តក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលជួបសំណេះសំណាលជាមួយតំណាងក្រុមការងារសិស្ស- និស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងតំណាងក្រុមសិស្សានុសិស្ស E2STEM ដែលជាក្រុមការងារបង្កើតដ្រូន(Drone) និងក្រុមការងារបង្កើត CubeSat នៅទីស្តីការក្រសួង ព្រមទាំងមានការផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញផងដែរ។
តាមរយៈពិធីជួបសំណេះសំណាលនេះ តំណាងក្រុមការងារនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានជម្រាបជូននិងធ្វើបទឧទ្ទេសនាមផ្ទាល់លម្អិត អំពីការងារក្នុងការបង្កើតដ្រូន ដោយប្រើថាមពលអគ្គិសនី និងការបង្កើតដ្រូនគំរូសម្រាប់ឈានដល់ការតម្លើងប្រើប្រាស់ក្នុងវិស័យផ្សេងៗ ដូចជា ការប្រើប្រាស់ដ្រូនក្នុងការថតរូប ថតវីដេអូ-វិស័យកសិកម្ម យោធា ដឹកជញ្ជូន ដឹកមនុស្សនិងការងារពន្លត់អគ្គិភ័យជាដើម។
ក្រៅពីនេះ តំណាងនិស្សិតក៏បានបង្ហាញពីគោលបំណង ចង់ប្រើប្រាស់សមត្ថភាពដែលខ្លួនមាន ដើម្បីជួយលើកស្ទួយវិស័យបច្ចេកវិទ្យានៅកម្ពុជា។ ក្រុមនិស្សិតក៏បានធ្វើបទឧទ្ទេសនាមនិងវីដេអូខ្លីៗអំពីការបង្កើត CubeSat ផងដែរ។
លោក ចម ប្រសិទ្ធ បានកោតកោតសរសើរ និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមតំណាងការងារសិស្ស និស្សិត ដែលបានខិតខំសិក្សាស្រាវជ្រាវ សិក្សារៀនសូត្រប្រកបដោយស្មារតីទទួលខុសត្រូបខ្ពស់ ក្នុងការបង្កើតដ្រូន និងការបង្កើត CubeSat។ លោកមើលឃើញថា នេះជាគុណប្រយោជន៍ ចំពោះប្រទេសជាតិយើងទៅថ្ងៃខាងមុខ។
លោកក៏បានលើកទឹកចិត្តឲ្យក្រុមសិស្ស-និស្សិតទាំង២ក្រុម បន្តការងារដ៏ប្រពៃនេះបន្តទៀត ជាពិសេសខិតខំសិក្សាស្រាវជ្រាវ រកប្រភពសំខាន់ៗដែលមានច្រើននៅតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីអភិវឌ្ឍខ្លួនបានមួយកំរិតបន្ថែមទៀត៕