ក្រុមហ៊ុនធំមួយរបស់សឹង្ហបុរីប្រកាសពង្រីកផែនការវិនិយោគលើទឹកប្រាក់៥០លានដុល្លារនៅក្រុងព្រះសីហនុ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនសឹង្ហបុរីធំមួយ HLH Development(HLHD) និងក្រុមហ៊ុនSmart Winner បានព្រមព្រៀងវិនិយោគរួមគ្នាបង្កើត គម្រោងអភិវឌ្ឍចម្រុះថ្មីមួយកន្លែងតម្លៃប្រមាណ៥០លានដុល្លារ នៅក្រុងព្រះសីហនុ។
បើតាមការប្រកាសរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា គំរោងនេះនឹងសាងសង់លើផ្ទៃដី១១,៥ហិកតា ក្នុងក្រុងព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះ មានទីតាំងនៅជិតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នឹងត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលផ្សារទំនើប លក់ដុំស្រដៀងគ្នានឹងផ្សារ Makro ទីផ្សារ seafoods និងកន្លែងចំអិនអាហាសមុទ្រ ស្រដៀងនឹងប្រទេសកូរ៉េដូច្នោះដែរ។

ដោយឡែក ដីដែលនៅសល់ នឹងត្រូវបានបែងចែកទៅជាដីឡូតិ៍តូចៗ សម្រាប់ការអភិវឌ្ឍន៍ចម្រុះ ដោយក្រុមហ៊ុននឹងបើកឱ្យដៃគូសហការផ្សេងទៀតជួល ឬក៏ទិញដាច់ពីក្រុមហ៊ុនក៏បាន។

ក្រោមលក្ខខណ្ឌនៃការបណ្តាក់ទុនរួមគ្នានេះ ក្រុមហ៊ុន Smart Winner ដែលជាម្ចាស់ដី នឹងរួមចំណែក២៥,២លានដុល្លារអាមេរិក ដែលជាតម្លៃដីផ្ទាល់ឬស្មើនឹង៥០,៤% នៃភាគហ៊ុន។ ទន្ទឹមនឹងនេះ HLHD នឹងវិនិយោគ១០លានដុល្លារអាមេរិក ឬស្មើនឹង ៤៩,៦% នៃភាគហ៊ុន ហើយក៏នឹងបន្ថែម៥លានដុល្លារអាមេរិកទៀត ជាប្រាក់ដើមប្រតិ​បត្តិការផងដែរ ។

ប្រធានទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន HLH Cambodia លោក គួច លេងឃាងបានមានប្រសាសន៍ឲ្យដឹងថា ទឹកប្រាក់បន្ថែមនៃគម្រោងនេះ ដែលមានទំហំចន្លោះ ៨ ទៅ១០លានដុល្លារទៀត នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់។

លោកបានបន្ថែមថា “គម្រោងនេះ គ្រោងនឹងបើកការដ្ឋាននៅត្រីមាសទី២ នៃឆ្នាំ ២០២២ ខណៈកាលបរិច្ឆេទបញ្ចប់គម្រោង ត្រូវបានគ្រោងទុកនៅចុងឆ្នាំ២០២៣”។

គម្រោងនេះជាគម្រោងអភិវឌ្ឍន៍ចម្រុះទី ៤ ហើយរបស់ HLH ក្នុងប្រទេសកម្ពុជា ឬជាគម្រោងទី ២ នៅខេត្តព្រះសីហនុ បន្ទាប់ពីគម្រោង D’Seaview៕

LEAVE A REPLY

Please enter your comment!
Please enter your name here