ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានថ្លែងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ ប្រមាណ៥,៥ពាន់លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំនេះ កើនឡើងប្រមាណ២៨.៤៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន។
ក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋ អាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយឯកអគ្គរដ្ឋទូត លោក Amb. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ កាលពីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីវឌ្ឍនភាព នៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្ត ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីស្តារនិងជំរុញសេដ្ឋកិច្ចកម្ពុជា ។
ផែនការ និងយុទ្ឋសាស្រ្តទាំងនោះមានដូចជា ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង មុខងារ និងតួនាទីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ពិសេសគឺការយកចិត្តទុកដាក់ដល់ការការពារកម្មសិទ្ធិបញ្ញា។
លោកប៉ាន សូរស័ក្តិបានបន្តថា ម្យ៉ាងទៀតកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីឆ្នាំមុន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ រួមទាំងសមាជិកភាពរបស់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានលើកទឹកចិត្ត និងបន្តគាំទ្រ សម្របសម្រួលក្រមហ៊ុនអាម៉េរិក ដែលមានសំណូមពរ និងចម្ងល់ផ្សេងៗ អាចទាក់ទងមកក្រសួងពាណិជ្ជកម្ម ឬលោកផ្ទាល់ ដើម្បីដោះស្រាយ និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ជាការឆ្លើយតប ភាគីអាមេរិកបានសម្ដែងនូវអំណរសាទរចំពោះកម្ពុជា ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំង និងការបើកសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ ក្រុមហ៊ុនអាមេរិក ក៏បានសម្តែងសុទិដ្ឋិនិយម ក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា ជាពិសេសនោះគឺជួយគាំទ្រ ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ និងការគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។
ទន្ទឹមនឹងនោះ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន បានសម្តែងការអរគុណជូនចំពោះលោករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការ ដល់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាននៅកម្ពុជា៕