ប្រជាពលរដ្ឋរាជធានីភ្នំពេញស្នើឲ្យរដ្ឋជួយសម្រួលបន្ថែមលើបញ្ហាតម្លៃប្រេងឥន្ធនៈដែលនៅតែបន្តកើនតម្លៃ

ដោយៈម៉ាលីនណា

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានខែក្រោយនេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងជាបន្តបន្ទាប់ ដែលបញ្ហាទាំងនេះធ្វើឲ្យពលរដ្ឋ ប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួននៅក្រុងភ្នំពេញ បានត្អូញត្អែរពីបញ្ហាជីវភាពក្នុងអំឡុងវិបត្តិកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កញ្ញាសុភ័ក្រ្ត សុខ បច្ចុប្បន្នរស់នៅតំបន់ខណ្ឌចំការមន ហើយសព្វថ្ងៃប្រកបរបរផ្នែកដឹកជញ្ជូនម្ហូបអាហារបានលើកឡើងថា រាល់ថ្ងៃនេះតម្លៃសេវាដឹកជញ្ជូនជូនភ្ញៀវ នៅតែរក្សាតម្លៃដដែល ទោះបីជាតម្លៃប្រេងឡើងថ្លៃឬចុះថ្លៃក៏ដោយ។

កញ្ញាបានឲ្យដឹងថា ការចំណាយទៅលើថ្លៃចាក់ប្រេង ជាមធ្យម២ឬ៣ថ្ងៃម្តង ដោយក្នុងមួយលើក ចំណាយប្រាក់ប្រមាណជិត២ម៉ឺនរៀល។ ការឡើងថ្លៃប្រេងឥន្ធនៈ ស្របពេលវិបត្តិកូវីដ១៩ ធ្វើឲ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃផងដែរ ព្រោះថាប្រាក់ដែលរករាល់ថ្ងៃនេះ គឺមិនបានច្រើនប៉ុន្មានទេ។

ចំណែកប្រជាពលរដ្ឋម្នាក់ផ្សេងទៀត ឈ្មោះឧត្តម ជន ដែលបច្ចុប្បន្នប្រកបរបររត់ម៉ូតូកង់បី (past app)រវាងភ្នំពេញ និងស្រុកកោះធំ ខេត្តកណ្តាល បានត្អូញត្អែរថា រាល់ពេលប្រេងសាំងឡើងថ្លៃ តម្លៃហ្គាសក៏ឡើងតាមនឹងដូចគ្នា។

លោកឲ្យដឹងថា ប្រៀបធៀបនឹង៣ខែតុលា តម្លៃហ្គាសគឺជាង១ពាន់រៀលប៉ុណ្ណោះក្នុង១លីត្រ ប៉ុន្តែពេលនេះកើនដល់ជិត៣ពាន់រៀលក្នុង១លីត្រ ខណៈដែលសព្វថ្ងៃ ប្រាក់ចំណូលគិតជាមធ្យម អាចរកបានប្រមាណ២ ទៅ៣ម៉ឺនរៀល និងពេលខ្លះគ្មានភ្ញៀវក៏មាន។

លោកត្អូញត្អែរទៀតថា “ការរត់ឈ្នួលរាល់ថ្ងៃនេះ ពេលខ្លះរកប្រាក់មិនគ្រប់សម្រាប់បង់ថ្លៃធនាគារផង ដោយសារមិនសូវមានភ្ញៀវ”។

ឆ្លើយតបបញ្ហានេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានមានប្រសាសន៍ថា ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ ដោយសារការឡើងថ្លៃប្រេងសាំងនៅទីផ្សារអន្តរជាតិ ហើយការឡើងថ្លៃនេះ អាចនឹងអូសបន្លាយរយៈពេលពីរខែចុងក្រោយ។

លោកបានបន្តថា “មូលហេតុនៃការឡើងថ្លៃតម្លៃប្រេងសាំង នៅរយៈពេលចុងក្រោ​យនេះ ដោយសារប្រេងសាំងនៅលើពិភពលោក មានតម្រូវការខ្ពស់ស្របពេលដែលប្រទេសមួយចំនួន បានបើកដំណើរការលើគ្រប់វិស័យ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោ​យពីវិបត្តិកូវីដ១៩”។

លោកសង្កត់ធ្ងន់ថា អ្វីទាំងអស់មិនមានការប្រែប្រួលទេ ទាំងពន្ធគយ ទាំងអាករបន្ថែម អាករពិសេស កម្រិតចំណាយសម្រាប់អាជីវករ និងចំណេញ ហើយរដ្ឋាភិបាលក៏បានបញ្ចុះពន្ធ៤សេនដុល្លារក្នុង១លីត្រ ដោយមានការឧបត្ថម្ភពីវិស័យកជនផងនោះ ដូច្នេះតម្លៃប្រេងសាំងឡើងថ្លៃ មិនមែនជាការកំណត់ឡើងថ្លៃរបស់រដ្ឋាភិបាលនោះទេ។

តម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី១ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ត្រូវដាក់លក់៤ ៥៥០រៀល សម្រាប់ប្រេងសាំងធម្មតា ក្នុងមួយលីត្រ និងថ្លៃ៤ ១០០រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here