ក្រុងព្រះសីហនុត្រៀមខ្លួនទទួលទេសចរណ៍និងអ្នកវិនិយោគត្រលប់មកវិញ ខណៈគម្រោងមានទុនគ្រប់គ្រាន់បន្តសាងសង់

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុងព្រះសីហនុបាន និងកំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិត្រលប់មកវិញ ខណៈរដ្ឋាភិបាលប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំងនៅចុងខែវិច្ឆិកាខាងមុខ។

អ្នកនាំាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃា ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមតេលេក្រាមកាលពីល្ងាចថ្ងៃទី២៨ តុលាកន្លងមកថា ស្របពេលរដ្ឋាភិបាលប្រកាសបើកទទួលភ្ញៀវទេសចរណ៍ ចាក់វ៉ាក់សាំងអន្តរជាតិឡើងវិញ ខេត្តព្រះសីហនុបាននិងកំពុងត្រៀមលក្ខណៈទទួលភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិត្រលប់មកវិញ។

លោកបន្តថា “យើងនឹងតាមដានលំហូរទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិឡើ​ងវិញ ប៉ុន្តែចំពោះមុខស្ថានភាពមិនទាន់មានការចេញ ចូល មិនទាន់មានសកម្មភាពច្រើននៅឡើយទេ”។លោកបន្តថា “ជាមួយគ្នានេះ វិស័យសំណង់ ការសាងសង់នៅក្នុងខេត្តមិនទាន់មានសកម្មភាពច្រើននៅឡើយទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឃាង ភារម្យបានបន្តទៀតថា សកម្មភាពវិនិយោគ និងការសាងសង់មានសកម្មភាពខ្លះៗហើយ ដែលការដ្ឋានមួយចំនួនបានចាប់ផ្តើមសាងសង់ឡើងវិញ សម្រាប់ក្រុមហ៊ុនធំៗ ដែលមិនមានបញ្ហាទុន ពិសេសគំរោងទីក្រុងរាម នៅតែបន្តសកម្មភាពសាង​សង់ ព្រោះក្រុមហ៊ុននេះមានមូលដ្ឋានទុនច្រើន ដែលមិនបង្កការព្រួយបារម្ភពីភាពជាប់គាំងឡើយ។

ផ្អែកលើទំនាក់ទំនងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ពីរវាសនាតែមួយ របស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ ផ្អែកលើទំហំទុនវិនិយោគរាប់ពាន់លានដុល្លារ ដែលវិនិយោគិនចិនបានចាក់នៅខេត្តព្រះសីហនុ ផ្អែកលើភូមិ​សាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិ អ្នកវិនិយោគចិនកាន់តែច្រើននឹងមកកាន់កម្ពុជាវិញ។ នេះបើតាមអ្នកវិភាគពីភូមិសាស្រ្តនយោបាយអន្តរជាតិ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ជាមួយនឹងការប្រកាសបើកចំហសេដ្ឋកិច្ចឡើងវិញ របស់រាជរដ្ឋាភិបាល សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនឹងមានភាពប្រសើរឡើង ប៉ុន្តែស្ថានភាពនេះអ្នកវិនិយោគក្នុងស្រុកជាអ្នកដើរតួនាទីសំខាន់ជាង ខណៈអ្នកវិនិយោគបរទេសត្រូវការមួយរយៈពេលទៀត មុនពេលពួកគេឈានជើងចូលទីផ្សារកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here